ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥ភាគរយ ហើយ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពី ៥ម៉ោងមកត្រឹមតែ ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង កន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន ៤កន្លែង ស្ពានធំនិងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន ៥កន្លែង។ ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ៩,១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
យើងកសាងផ្លូវល្បឿនលឿនដោយសារសេដ្ឋកិច្ចជាតិមានការរីកចម្រើន ហើយសេដ្ឋកិច្ចមានការរីកចម្រើន គឺដោយសារកត្តាសុខសន្តិភាព ជាកត្តាដ៏សំខាន់បំផុតមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ បើតាមការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុពន្លឿនការងារសាងសង់របស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅខែកញ្ញា ឆ្នាំ២០២២ និងបានសំណូមពរឱ្យក្រុមហ៊ុនពិនិត្យ លទ្ធភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដើម្បីបានស្វែងយល់ពីផ្លូវនេះ។
ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក ស៊ុន ចាន់ថុល ឆ្លើយតបទៅកាន់សំណួររបស់ប្រជាពលរដ្ឋដែលលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួង លោក បានគូសបញ្ជាក់ថា «ផ្លូវនេះមានរបងបិទជិតសងខាងផ្លូវគោក្របីមិនឆ្លងកាត់បានទេ និងអាចបើកបានក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលវេលាធ្វើដំណើរប្រមាណ ២ម៉ោងអាចទៅដល់ក្រុងព្រះសីហនុ និងសាងសង់តាមលក្ខណៈបច្ចេកទេស»។
លោកស្រី និន សាផុន បានសម្តែងនូវមោទកភាពយ៉ាងក្រៃលែងដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវផ្លូវល្បឿនលឿនដែលជាផ្លូវទី១ របស់កម្ពុជា ជាផ្លូវដែលមានដំណើរទិសពីរាជធានីភ្នំពេញទៅកាន់កំពង់ផែសមុទ្ររបស់យើង និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារធ្វើឱ្យផ្លូវល្បឿនលឿន ទីមួយនេះលេចជារូបរាងឡើង។
ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ និងបានសំណូមពរឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរព ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្នធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ ៣៥០ដុល្លារ ក្នុងមួយឆ្នាំ និងសូមចូលរួមទាំងអស់ គ្នាក្នុងការថែរក្សាផ្លូវថ្នល់របស់យើងឱ្យបានគង់វង្សដើម្បីកាត់បន្ថយការចំណាយថវិការបស់រដ្ឋាភិបាល។
សូមបញ្ជាក់ថា លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូចម្រុះចុះបំពេញបេសកកម្មពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕
ដោយ៖ Moeun Dyna