Register Already an agent ? Login

ដំណឹងល្អព្រឹកនេះកម្ពុជា បានប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ បានប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១ បានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធបានចំនួន ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង.

សម្ដេច បានមានប្រសាសន៍បញ្ជាក់ថា ក្រោយពីបានសិក្សាស្រាវជ្រាវស្វែង រុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី ទីមួយដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបានផលិតចេញនៅថ្ងៃនេះជាមាសដុំពាក់កណ្ដាលសម្រេច ដែលមានអត្រាមាស ៩០ភាគរយ (Gold Doré Bars)។

តាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង។ ក្រុមហ៊ុនរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។ ជាមួយគ្នានោះដែរ សម្ដេច ហ៊ុន សែន រំពឹងថាផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕

ដោយ៖ Moeun Dyna