កែប៖ «ភ្នំសសៀរ» ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិដំណាក់ចំបក់ ឃុំអូរក្រសារ ស្រុកដំណាក់ចង្អើរ ចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រ ពីក្រុងកែប និង៣គីឡូម៉ែត្រ ពីរង្វង់មូលសេះស។ ភ្នំសសៀរ មានរូងថ្មសំខាន់ៗចំនួនបួន គឺល្អាងស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាងស-ខ្មៅ និង ល្អាងប្រចៀវ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ភ្នំនេះមានប្រវត្តិរឿងព្រេងវែងអន្លាយគួរជាទីទាក់ទាញ ហេតុនេះយើងបាននិងកំពុងរៀបចំរមណីយដ្ឋាននេះ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ។
លោក សោម ពិសិដ្ឋ បានដឹកនាំក្រុមមន្រ្តីនៃមន្ទីរជំនាញពាក់ព័ន្ឋ ដើម្បីពិនិត្យនិងរៀបចំផែនការធ្វើយ៉ាងណា អភិវឌ្ឍន៍រមណីយដ្ឋានភ្នំសសៀរឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាកម្សាន្ត ក្រោយពេលជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាននាពេលខាងមុខ។ បើតាមគេហទំព័រអចលនទ្រព្យអាស៊ី ដែលបានសម្ភាស អភិបាលខេត្តកែបកាលពីថ្មីនេះ។
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ដែលបានថ្លែងប្រាប់គេហទំព័រខាងលើឱ្យដឹងថា រមណីយដ្ឋាននេះ ស្ថិតនៅក្នុងក្រុងកែប មិនឆ្ងាយនោះឡើយដែលភ្ញៀវទេសចរអាចចូលទៅលម្ហែកម្សាន្ត ដោយខេត្តនឹងរៀបចំជណ្តើរឡើងចុះងាយស្រួល មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់និងកម្សាន្ត។
ខេត្តកែប ពិតជាមានភាពទាក់ទាញអារម្មណ៍ នៅពេលទៅដល់ម្តងៗ ដោយសារខេត្តនេះមានឧទ្យានជាតិនៅកណ្តាលក្រុង ដែលផ្តល់នូវបរិយាកាសធម្មជាតិដ៏ត្រជាក់ត្រជុំ។ បើតាមការថ្លែងរបស់ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានបន្តថា ខេត្តនេះមានសក្តានុពលទេសចរណ៍ច្រើនណាស់ ហើយជាខេត្តដែលយើងបានទៅដល់សម្រាកលម្ហែកាយ គឺមិនចង់វិលត្រឡប់មកវិញឡើយ។
ព្រះគ្រូចៅអធិការ ព្រះនាម ផាន អ៊ បានមានសង្ឃដីកាពន្យល់ពីល្អាងសំខាន់ នៅភ្នំសសៀរឱ្យដឹងថា៖ «ល្អាងស្តេចដំរីស គឺជាល្អាងមួយធំហើយសំខាន់ជាងគេសម្រាប់គោរពបូជា ព្រោះទីនេះមានថ្មពណ៌ស ដុះដូចរូបសត្វដំរី ជាប់ជាមួយល្អាងដំរីនោះក៏មានស្ថាបត្យកម្មកំពូលមួយគឺល្អាងវាលស្រែ១០០ ដែលបានលាក់បំពួនអាត្មាក្នុងរូងងងឹតនេះ។
ព្រះគ្រូចៅអធិការ បានមានសង្ឃដីកាបន្តថា រីឯល្អាងប្រចៀវនៅផ្នែកម្ខាងទៀតនៃភ្នំ មុននឹងចូលមកដល់ទីនេះលោកអ្នកអាចនឹងឮសូរសំឡេងរងំនៃសត្វប្រចៀវ។ ល្អាងប្រចៀវ ជារូងធំហើយជ្រៅនិងមានទឹកខួបប្រាំងខួបវស្សានៅទីនោះ។
ទោះជាមានការអះអាងថា នៅលើកំពូលភ្នំសសៀរ មានចេតិយជាកន្លែងស័ក្តិសិទិ្ធ និងអាចមើលទេសភាពដ៏ធំល្វឹងល្វើយ តែអ្នកនៅម្តុំរមណីយដ្ឋាននោះបែរជាត្អូញត្អែរថា ទីនេះមិនមែនជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរជាតិឡើយ ភ្ញៀវមកដល់ទីនេះភាគច្រើនជាភ្ញៀវបរទេសទៅវិញ។ បើតាមព្រះគ្រូចៅអធិការ បានមានសង្ឃដីកាបន្ថែម។
សូមបញ្ជាក់ថា ក្រៅពីមានព្រៃធម្មជាតិល្អស្រស់គ្រប់រដូវកាល ខ្យល់បរិសុទ្ធអាកាសធាតុសមល្មមមិនត្រជាក់មិនក្តៅ និងអាចមើលឃើញវាលស្រែ ព្រៃភ្នំ ភូមិឋាន កោះ លំហសមុទ្រធំល្វឹងល្វើយជុំវិញក្រុងកែប រមណីយដ្ឋានវប្បធម៌ភ្នំសសៀរ ដែលបង្កប់ដោយល្អាងជាច្រើននៅក្រោមភ្នំ ក៏ជាទីបួងសួងដល់វត្ថុស័ក្តិសិទ្ធិផងដែរដោយសារទីនោះជាទីតម្កល់វត្ថុស័ក្តិសិទ្ធិទាំងបីរបស់ព្រះពុទ្ធដែលគេបានយកទៅតម្កល់ទុកនៅក្នុងនោះ គឺសារីរិកធាតុរបស់ព្រះពុទ្ធ។ ភ្នំសសៀរប្រមូលផ្តុំដោយភ្នំតូចៗចំនួន៣ មានទំហំផ្ទៃដីប្រមាណ ១គីឡូម៉ែត្រការ៉េ និងមានកម្ពស់ជាង ៤០ម៉ែត្រ៕
ដោយ៖ Moeun Dyna