ភ្នំពេញ៖ កំណាត់ផ្លូវជាតិជាច្រើនខ្សែរ នៅតាមបណ្តាខេត្ត ត្រូវបានយកចិត្តទុកដាក់ជួសជុលថែទាំ ដើម្បីជាការជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល ថែមទៀត។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ក្រចេះ កែប ព្រះវិហារ បន្ទាយមានជ័យ និងខេត្តរតនគិរី នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងជួសជុលថែទាំលើកំណាត់ផ្លូវជាតិលេខ៥ លេខ៨ លេខ៣៣ លេខ៣៣A លេខ៥៦ លេខ៥៨ លេខ៦២ លេខ៧២ លេខ៧៣ លេខ៧៨ និងផ្លូវថ្នល់មួយចំនួនផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ១៥៤+៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន (ចំពោះផ្លូវខាងឆ្វេង) និងពង្វាងចរាចរណ៍ឆ្លងកាត់ទៅផ្លូវខាងស្តាំ (ទិសពីភ្នំពេញ)។
ការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៤៨ ខាងឆ្វេងត្រង់គីឡូម៉ែត្រ១៥៤+៣៥០ និងពង្វាងចរាចរណ៍ឆ្លងកាត់ទៅផ្លូវខាងស្តាំ (ទិសពីភ្នំពេញ) ក្នុងខេត្តកោះកុង បានរងការខូចខាតដោយជំនន់ទឹកភ្លៀង និងបានហូរច្រោះស្រុត។ បើតាមការបញ្ជាក់ របស់ក្រសួងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដឹកដឹក បាននាំគណៈប្រតិភូក្រសួងចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់ របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។
លោក រដ្ឋមន្ត្រី បានចុះពិនិត្យម៉ាស៊ីនលាយបេតុងស៊ីម៉ងស្វ័យប្រវត្តិដែលអាចសាងសង់បានប្រវែង ៥០០ម៉ែត្រ ក្នុងមួយថ្ងៃ និងកំរាស់ ២៦សង់ទីម៉ែត្រ និងពិនិត្យតេស្តគុណភាពផ្លូវ ដោយម៉ាស៊ីនតេស្តគុណភាពទ្រនាប់ផ្លូវ FWD ផ្នែកខាងក្រោម( Bases Course)។ ជាមួយគ្នា លោក ក៏បានបន្តដំណើរចុះពិនិត្យការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រង់ចំនុចប្រសព្វផ្លូវ១៤៦B ផងដែរ។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានផ្តាំផ្ញើទៅក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឱ្យធ្វើយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពនៃការស្ថាបនាផ្លូវ។ ជាមួយគ្នានេះដែរ លោក ក៏បានផ្តាំផ្ញើទៅប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូន ឱ្យគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿន ឬដឹកលើសទម្ងន់ ដែលជាកត្តាបង្កឱ្យមាន ការខូចខាតផ្លូវមុនអាយុកាល ការគ្រោះថ្នាក់ចរាចរណ៍ នាំឱ្យបាត់បង់អាយុជីវិត និងបាត់បង់ថវិកាជាតិផងដែរ។
គូសបញ្ជាក់ថា ផ្លូវលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ២២៥ +៥៥០) ប្រវែងសរុប ៤៣,០២៥គីឡូម៉ែត្រ ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលចាប់ផ្តើមសាងសង់ ក្នុងកំឡុងខែមេសា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២៕
ដោយ៖ Moeun Dyna