Register Already an agent ? Login

កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឱ្យកាន់តែប្រសើរបន្តទៀត

ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឱ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។

ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  និងលោកស្រី Teo Lay Cheng អគ្គរដ្ឋទូតប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី។

លោកស្រីអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៉ិត សំហេង ដែលបានអនុញ្ញាតឱ្យលោកស្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ផ្តោតទៅលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការនៅលើវិស័យនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នា លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជម្នះឧបសគ្គគ្រប់បែបយ៉ាងក្នុងការចូលរួមស្តារ និងកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

លោកស្រីអគ្គរដ្ឋទូត បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់ លោកស្រី នៅកម្ពុជា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត។

លោក អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ លោក បន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេស សិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។

លោក រដ្ឋមន្រ្តីបានថ្លែងបន្តថា ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។

បើតាមទំព័រហ្វេសប៊ុក លោក អ៉ិត សំហេង បានឱ្យដឹងថា សំណើបន្ទាប់របស់ លោក មន្រ្តីរីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើបន្តការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ TVET ដែលបានចុះហត្ថលេខារវាង ក្រសួងការងារ ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេស នៃប្រទេសសិង្ហបុរី ដែលបានផុតកំណត់តាំងពីខែមករា ឆ្នាំ២០១៩ គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេស គឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។

ចំពោះសំណើរបស់ លោក រដ្ឋមន្ត្រី ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមនឹងកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស្ថាប័នទទួលបន្ទុករបស់សិង្ហបុរី លោកស្រីអគ្គរដ្ឋទូត ពេញចិត្តបន្តកិច្ចសហការភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែមានល្អប្រសើរបន្តទៀ។ បើតាមទំព័រហ្វេសប៊ុក លោក អ៉ិត សំហេង៕

ដោយ៖ Moeun Dyna