Register Already an agent ? Login

ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-អាមេរិក មានតម្លៃជាង ២ ៦៥៤លានដុល្លារ កើនជិត ២៥ភាគរយ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-អាមេរិក មានតម្លៃជាង ២ ៦៥៤លានដុល្លារ កើនជិត ២៥ភាគរយ ក្នុងរយៈពេល ៤ខែដើម ឆ្នាំ២០២១ ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ តាមការិយាល័យពាណិជ្ជកម្មអាមេរិក បានបញ្ជាក់ថា «ទោះ​វិបត្តិ​នៃ​ការឆ្លង​រាលដាល​កូវីដ​-១៩ បាន​ធ្វើឱ្យ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​ភាគច្រើន​ធ្លាក់ចុះ តែពាណិជ្ជកម្ម កម្ពុជា-អាមេរិក មិនធ្លាក់ចុះទេ»។

ពាណិជ្ជកម្មកម្ពុជា-អាមេរិក មានតម្លៃសរុប ២ ៦៥៤,៩លានដុល្លារ កើន ២៤,៤៨ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមាន ២ ១៣២,៧លានដុល្លារ។​ បើតាម​ទិន្នន័យ ចាប់ពី​ខែ​មករា ដល់ខែ​មេសា ឆ្នាំ​២០២១ បានបន្តឱ្យដឹងថា ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ២ ៥១៩,២លានដុល្លារ កើន ២៤,៤៣ភាគរយ ហើយការនាំចូលពីអាមេរិក ១៣៥,៧លានដុល្លារ កើន ២៥,៥៣ភាគរយ។

ក្រៅពីការទទួលបាននូវភាពអនុគ្រោះពន្ធ GSP ពីអាមេរិក បច្ចុប្បន្ន កម្ពុជា ក៏កំពុងទទួលបានចំណែកទីផ្សារអាមេរិកពីជម្លោះពាណិជ្ជកម្មរវាងអាមេរិក-ចិន ព្រមទាំងពីអស្ថិរភាពនយោបាយប្រទេសក្នុងតំបន់ (មីយ៉ាន់ម៉ា) ផងដែរ។ បើតាមការលើកឡើងរបស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាន​អះអាង​ថា​ ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២ នឹង​កើនឡើង​ទៀត បើ​កម្ពុជា​នៅតែ​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​អាមេរិក។

​សូមរម្លឹកថា នៅ​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក​មាន​តម្លៃ ៦ ៩២១,៣ លាន​ដុល្លារ កើន ១៧,៨៩ ភាគរយ ​បើ​ធៀប​ឆ្នាំទៅនឹង ​ឆ្នាំ២០១៩៕

ប្រភព៖ គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍

ដោយ៖​ Moeun Dyna