ព្រះសីហនុ៖ ការអភិវឌ្ឍខេត្តព្រះសីហនុ រយៈពេល ៤ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ មានសំណង់តូច ធំ ដែលបានអនុញ្ញាតឱ្យសាងសង់ចំនួន ១ ៥១៤អគារ និងទុនវិនិយោគសរុប ៨០៤៩ ៦៩២ ៨៣១ដុល្លា។
ស្របពេលដែលខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តព្រះសីហនុ សម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ដើម្បីឱ្យភ្ញៀវមកទស្សនា និងលេងកម្សាន្ត។ បើតាមការថ្លែងរបស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ «ទោះបីជាប្រទេសកម្ពុជា និងពិភពលោកព្រួយបារម្ភចំពោះជំងឺកូវីដ-១៩ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់»។
បើគិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ពាក់កណ្តាលឆ្នាំ២០២០ ខេត្តព្រះសីហនុមានក្រុមហ៊ុនចំនួន ២០ បានមកវិនិយោគលើគម្រោងអភិវឌ្ឍន៍លើកោះ និងឆ្នេរសមុទ្រនៅលើផ្ទៃដីសរុប ១១ ៦៣៧ហិកតា ដោយមានទុនវិនិយោគសរុបជាង ៣,៩ ពាន់លានដុល្លារ។ បើតាមការបន្តរបស់ លោក គួច ចំរើន ថា ការវិនិយោគយើងបើកទូលាយ យើងចង់បានអ្នកវិនិយោគ និងអ្នកទេសចរមកពីបរទេស ដោយយើងអត់កំណត់ទិសដៅមកពីប្រទេសណាទេ។
សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ដ-ក្រុងព្រះសីហនុកាលពីដើមខែមិថុនា ឆ្នាំ២០២០ថា ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធខេត្ដព្រះសីហនុដោយរាជរដ្ឋាភិបាលបានកំណត់ផែនការក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុក្នុងចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍន៍ខេត្តនេះជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារ ក្នុងការកសាងផ្លូវចំនួន ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុដែលជាផ្លូវប្រកបដោយប្រណីតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ បើតាមការថ្លែងបន្តរបស់ សម្ដេច បានបញ្ជាក់ «តាមរយៈការអភិវឌ្ឍខេត្ដនេះ ជាទីក្រុងទំនើបជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស ខេត្ដនេះក៏នឹងបម្រើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ«។
ខេត្តព្រះសីហនុ ជាខេត្តមាត់សមុទ្រ ដែលបានក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់សម្រាប់ប្រទេសកម្ពុជា ក្រៅពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្រៅពីកន្លែងទេសចរណ៍ និងច្រកចេញចូលទំនិញ ដែលមានកំពង់ផែធំជាងគេ ខេត្តព្រះសីហនុមានការលូតលាស់យ៉ាងលឿនរហ័សនូវសំណង់អគារចម្រុះ។
ក្រុងព្រះសីហនុកំពុងតែទាក់ទាញចំណាប់អារម្មណ៏ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនពីព្រោះតែខេត្តមួយនេះមានឆ្នេរសមុទ្រស្រស់ស្អាត។ ប៉ុន្តែវាមិនត្រឹមតែមានឆ្នេរស្រស់ស្អាត់ប៉ុណ្ណោះទេវាថែមទាំងមានទេសភាពដ៏ទាក់ទាញដែលធ្វើឱ្យភ្ញៀវទេសចរមកកម្សាន្តឥតឈប់ឈរផងដែរ។ ការរីកចម្រើនសេដ្ឋកិច្ចបានធ្វើឱ្យក្រុងព្រះសីហនុជាទិសដៅវិនិយោគដ៏សំខាន់ផងដែរក្រៅពីរាជធានីភ្នំពេញ ជាពិសេសការអភិវឌ្ឍន៍កំពុងតែមានការពុះកញ្ជ្រោលនៅក្នុងតំបន់។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើងក្នុងខេត្តព្រះសីហនុត្រូវបានចាត់ទុកជាអាទិភាព តួយ៉ាងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់គម្រោងសាងសង់ផ្លូវនិងស្ពានចំនួនបីកន្លែង។ គម្រោងសាងសង់ផ្លូវ១ដែលនឹងត្រូវបានសាងសង់ក្នុងភាពជាដៃគូគឺផ្លូវល្បឿនលឿនដែលនឹងតភ្ជាប់ទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ គម្រោងផ្លូវនេះត្រូវបានគេដាក់ឈ្មោះថាផ្លូវជាតិលេខ១១ ហើយមានទំហំទឹកប្រាក់ប្រមាណ ១,៩ពាន់លានដុល្លារ។
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គឺជាកម្លាំងសេដ្ឋកិច្ចរបស់ខេត្តនិងប្រទេស វាជាគោលដៅអភិវឌ្ឍន៍ស្របតាមនយោបាយអភិវឌ្ឍន៍របស់ចិនដែលមានឈ្មោះថា «ក្រវ៉ាត់មួយផ្លូវមួយ» ដែលគម្រោងផ្លូវនេះគឺជាផ្លូវសូត្រពាណិជ្ជកម្មអន្តរជាតិក្នុងសតវត្សរ៍ទី២១ គម្រោងនេះត្រូវបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងក្រុងព្រះសីហនុ និងក្រុង Wuxi របស់ប្រទេសចិនដែលជាទីក្រុងភ្លោះ៕
ដោយ៖Moeun Dyna