ភ្នំពេញ៖ កម្ពុជា បានរៀបចំធ្វើពិធីប្រគល់ ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ក្រោមអធិបតីភាពសម្តេច ទៀ បាញ់ មន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ និង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។
ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបាន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យ របស់កម្ពុជាទាំងមូល ដែលប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ។ បើតាម មន្ទីរព័ត៌មាន រាជធានីភ្នំពេញ។
មន្ទីរព័ត៌មាន រាជធានីភ្នំពេញ បានបន្តថា សមិទ្ធផលថ្មីនេះ កើតចេញពីនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយដំណក់ប្រេងដំបូងក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាក ដែលគំរាមកំហែង ដោយមេរោគរាតត្បាតកូវីដ-១៩ គឺជាសក្ខីភាព នៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យ របស់រាជរដ្ឋាភិបាល និងវិនិយោគគិន។
បើតាម មន្ទីរព័ត៌មាន រាជធានីភ្នំពេញបានបន្តទៀតថា តទៅនេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋស្វែងយល់ពីអត្ថន័យនៃការរចនាដំណក់ប្រេងដំបូងរបស់កម្ពុជា៖
១.កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិតំណាងឲ្យភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេងមានកម្ពស់ ២៩សង់ទីម៉ែត្រ តំណាងឱ្យថ្ងៃទី២៩ ដែលទទួលបានដំណក់ប្រេងរបស់កម្ពុជា។
២.ជើងពានត្របកឈូក តំណាងឱ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាតសម្រាប់អភិវឌ្ឍជាតិមាតុភូមិកម្ពុជា។ ជើងពានត្របកឈូកមានកម្ពស់ ១២សង់ទីម៉ែត្រ តំណាងឱ្យខែ១២ ឬខែធ្នូ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។
៣.ពានជើងសឹង្ហ ឬឋានជើងបាត្រតំណាងឱ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានាក្នុងការខិតខំប្រឹងប្រែងធ្វើការងារទាញយកផលនៃធនធានធម្មជាតិ ដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាត្រមានកំពស់ ២០សង់ទីម៉ែត្រ ដំណាងឱ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។
៤.ក្បាច់កញ្ចាំងភ្ញីភ្លើងលម្អដោយនាគក្បាលបី តំណាងឱ្យតេជះ ភាពចម្រុងចម្រើន សម្បូរសប្បាយនិងតំណាងឱ្យឆ្នាំរបស់សម្ដេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងរបស់កម្ពុជា។
៥. និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជាត្រូវបានប្រសិទ្ធនាមថា «បឋមតេលពិន្ទុកម្ពុជា»។ បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»៕
ដោយ៖ Moeun Dyna