Register Already an agent ? Login

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនចុះត្រួតពិនិត្យ វឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣, លេខ៣១, លេខ៣៣ និងផ្លូវជាតិលេខ៤១

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត និង កំពត-វាលរេញ) ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នា២០២១ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យផ្លូវទាំង នេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ដោយក្នុងនោះត្រូវបែងចែកជា ២កំណាត់គឺ៖

ពីគីឡូម៉ែត្រ១៤៧+១០០ ដល់គីឡូម៉ែត្រ១៨១+0០០ ប្រវែង ៣៤គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ។ ពីគីឡូម៉ែត្រ១៨១+000 ដល់គីឡូម៉ែត្រ២០១+៤00 ប្រវែង ២០គីឡូម៉ែត្រ ត្រូវជួសជុលពង្រឹងឡើងវិញ ដោយលើកកម្ពស់តួថ្នល់ចំនួន ៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួថ្នល់ និងការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា។ កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល ៥៤ខែ ចំណាយថវិកា ប្រមាណ១៥,៨៥លានដុល្លារ។

ដោយឡែកកំណាត់ទី២ ប្រវែង ២០គីឡូម៉ែត្រ លើ៥៤,៣គីឡូម៉ែត្រ ក៏ស្ទើរតែរួចរាល់ផងដែរ និងបានឈានដល់ដំណាក់កាលចាប់ផ្តើមអ៊ុតបេតុងកៅស៊ូ (AC) បញ្ចប់។ តែដោយសារគ្រោះទឹកជំនន់កាលពីឆ្នាំ២០១៩ បានធ្វើឱ្យកំណាត់ផ្លូវនេះ ត្រូវបានបំផ្លាញទាំងស្រុង។ ផ្នែកនេះរងគ្រោះខ្លាំងជាងគេ ដោយហេតុថា ភូមិសាស្រ្តតំបន់នេះទាបជាងគេ និងមានស្រទាប់ដីខាងក្រោមជ្រាយខ្លាំង (Soft Soil) ដែលមិនអាចទ្រទ្រង់នឹងកម្លាំងទឹកជំនន់បានទេ។

ដោយយោងទៅលើស្ថានភាពរងការខូចខាតខាងលើ ក្រសួងបានអនុញ្ញាតក្រុមហ៊ុនជំនាញសិក្សាឡើងវិញទៅលើកំណាត់ផ្លូវ ២០គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ និងស្វែងរកកញ្ចប់ថវិកាប្រមាណ ៦០លានដុល្លាដើម្បីសាងសង់តាមស្តង់ដារ និងរឹងមាំបានយូរ។

ដោយឡែក គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩៦គីឡូម៉ែត្រ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន ដោយប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ដែលចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ដុល្លារ ជាហិរញ្ញប្បទានសម្បទានពីរដ្ឋភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគិតរហូតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅក្រុងកំពត សម្រេចបាន ៩៨,០៤ភាគរយ។

ផ្លូវជាតិលេខ៣ ជាផ្លូវជាតិដែលតុបតែងលម្អដោយមាន៖ ដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅ ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ស្ពានអាកាសថ្មើរជើងសម្រាប់ឆ្លងកាត់ថ្នល់ ប្រកបដោយសុវត្ថិភាព ១០០ភាគរយ ចំនួន ២កន្លែង ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងផ្លាក សញ្ញាបង្ហាញទិសដៅផ្លូវ កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤កាមេរ៉ា ស្ថានីយថ្លឹងយានយន្ដចំនួន ២កន្លែង និងប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យប្រវត្តផងដែរ។

ផ្លូវជាតិលេខ៣១ ចាប់ពីបំបែកគូស (ផ្លូវជាតិលេខ៣ គីឡូម៉ែត្រ៨១+៩២០) ដល់កំពង់ត្រាច (ផ្លូវជាតិ លេខ៣៣ គីឡូម៉ែត្រ៣៥+៦៨០) មានប្រវែងសរុប ៥៤,៨១គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់នៅ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ បច្ចុប្បន្នកំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិតតភ្ជាប់ពីថ្នល់បែកគូស ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ ៨១+៩២០) ទៅទីរួមស្រុកកំពង់ត្រាច ផ្លូវជាតិលេខ៣៣ ដោយក្នុងនោះរួមមាន៖ ទទឹងតួផ្លូវ ១២ម៉ែត្រ ស្ពានទទឹង ១២ម៉ែត្រចំនួន ៣កន្លែង លូចំនួន ១៤៤កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥កន្លែង។

ផ្លូវជាតិលេខ៣៣ ចាប់ពីផ្លូវជាតិលេខ៣ គីឡូម៉ែត្រ១៤៨+១០០ ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) មានប្រវែងសរុប ៥២,២៧គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ បច្ចុប្បន្ន កំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិតតភ្ជាប់ពីទីរួមខេត្តកំពត ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ១៤៨+១០០) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ដោយក្នុងនោះរួមមាន៖ ទទឹងតួផ្លូវ ១២ម៉ែត្រ ស្ពានទទឹង ១១ម៉ែត្រ ចំនួន ៣កន្លែង លូចំនួន ១៣៤កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥កន្លែង។

នាឱកាសនោះ លោក រដ្ឋមន្ត្រី ក៏បានដឹកនាំមន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ រោងចក្រនេះនឹងផលិតបេតុងកៅស៊ូបាន ១២០តោនក្នុងមួយម៉ោង ដើម្បីជួយសម្រួលដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ឱ្យមានគុណភាព ប្រើប្រាស់បានយូរអង្វែង និងចំណេញថវិការជាតិផងដែល។ 

លោក ស៊ុន ចាន់ថុល បានផ្តាំផ្ញើទៅក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យធ្វើការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពនៃការស្ថាបនាផ្លូវ និងបានផ្តាំផ្ញើទៅប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូនឱ្យគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿន ឬដឹកលើសទម្ងន់ ដែលជាកត្តាបង្កឱ្យ មានការខូចខាតផ្លូវមុនអាយុកាល គ្រោះថ្នាក់ចរាចរណ៍នាំឱ្យបាត់បង់អាយុជីវិត និងបាត់បង់ថវិកាជាតិ ផងដែរ៕

ដោយ៖ Moeun  Dyna