ភ្នំពេញ៖ ស្វីសនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួន ៥២លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានា រយៈពេល ៤ឆ្នាំ ឬប្រមាណ ១៣លានដុល្លារ ក្នុង១ឆ្នាំ។ បើតាមការសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ តាមរយៈកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គឆ្នាំ២០២២-២០២៥ ថ្មី។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា តាមរយៈកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គឆ្នាំ២០២២-២០២៥ ថ្មីនេះ ស្វីសគ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ ១៣៣លានហ្រង់ស្វីស សមមូលនឹង ១៤៨លានដុល្លារ ដោយបែកចែកជា ២កម្រិត គឺកម្រិតប្រទេស (កម្ពុជា-ឡាវ) និងតំបន់។ ក្នុងនោះ កម្ពុជាទទួលបាន ហិរញ្ញប្បទានឥតសំណង ៥២លានដុល្លារ។
តាមប្រព័ន្ធទិន្នន័យហិញ្ញប្បទានសហប្រតិបត្តិការកម្ពុជា ចន្លោះឆ្នាំ២០០២-២០២០ ភាគីស្វីសបានបើកហិញ្ញប្បទានឥតសំណងសរុបចំនួន ១៤២លានដុល្លារ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍នានា។ បើតាមការរម្លឹករបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តទៀតថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video Conference)។
ភាគីកម្ពុជា ដឹកនាំដោយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ភាគីស្វីស ដឹកនាំដោយលោក ម៉ាកឃឹស ប៊ឺលី នាយកទីភា្នក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា។
គោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់ ដើម្បីពិភាក្សា និងប្រមូលធាតុ ក៏ដូជាអនុសាសន៍ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ លើសេចក្ដីព្រាងកម្មវិធីសហប្រតិបត្តិការស្វីសម្រាប់តំបន់មេគង្គឆ្នាំ២០២២-២០២៥ (សម្រាប់កម្ពុជា-ឡាវ) ដោយផ្ដោតចម្បងលើកម្មវិធីសហប្រតិបត្តិការស្វីសម្រាប់កម្ពុជា ក្នុងរយៈពេល ៤ឆ្នាំខាងមុខ។
កិច្ចពិគ្រោះយោបល់នេះ បានពិនិត្យវិឌ្ឍនភាពការអនុវត្តយុទ្ធសាស្ដ្រ ស្ដីពីសហប្រតិបត្តិការស្វីសម្រាប់កម្ពុជា ក្នុងក្របខណ្ឌសហប្រតិបត្តិការតំបន់មេគង្គ ឆ្នាំ២០១-២០២១ ដែលគាំទ្រដល់វិស័យអាទិភាពចំនួន ៣រួមមាន៖ ១.វិស័យកសិកម្ម និងសន្តិសុខស្បៀង, ២.វិស័យអភិបាលកិច្ចនិងការចូលរួមរបស់ប្រជាពលរដ្ឋ និងទី៣.ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការបង្កើតការងារ៕
ដោយ៖ Moeun Dyna