Register Already an agent ? Login

រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំត្រៀមរៀបចំដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ក្នុងពេលឆាប់ៗនេះ

កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំខ្លឹមសារ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ក្នុងពេលឆាប់ៗនេះ។ បើតាមរដ្ឋបាលខេត្តកំពត។

រដ្ឋបាលខេត្តកំពត បានបន្តថា កិច្ចប្រជុំបានលើកឡើងពីចំណុចពាក់ព័ន្ធជាច្រើន  ដូចជាលក្ខណៈភូមិសាស្រ្តរបស់ក្រុងបូកគោ ការរៀបចំតំបន់គោលប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលក្រុង  ទីតាំងជាក់លាក់នៃការរៀបចំអគាររដ្ឋបាលក្រុង ការផ្ទេរកិច្ចការមួយចំនួនពីរដ្ឋបាលស្រុកទឹកឈូទៅឱ្យរដ្ឋបាលក្រុងបូកគោ និងការគិតគូរពីការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ការរៀបចំទីកន្លែងបំពេញការងារបណ្តោះអាសន្នរបស់រដ្ឋបាលក្រុង និងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ល។

កិច្ចប្រជុំខាងលើដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែមិនថុនា ឆ្នាំ២០២១ ក៏បានឯកភាពក្នុងការបង្កើតអនុគណៈកម្មការថ្នាក់ខេត្តដើម្បីជួយដល់គណៈកម្មការអន្តរក្រសួងក្នុងការរៀបចំក្រុងបូកគោ។ បើតាមរដ្ឋបាលខេត្តដដែល បានបន្តទៀតថា មានសមាសភាពចូលរួមក្នុងកិច្ចប្រជុំ សរុបចំនួន ១៩នាក់ ដែលមាន អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ស្នងការរងនគរបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត អភិបាលស្រុកទឹកឈូ នាយក នាយករងទីចាត់ការសាលាខេត្ត មេឃុំកោះតូច មេឃុំបឹងទូក។

បើតាមគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ​កិច្ចប្រជុំដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ក្រោមធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានរបៀបវារៈ ចំនួន៦ ដែលក្នុងនោះរួមមាន៖

១.ការរៀបចំរចនាសម្ព័ន្ធមន្រ្តីរាជការរដ្ឋបាលក្រុង និងអង្គភាពកងកម្លាំងទាំង ៣ប្រភេទ របស់ក្រុងបូកគោ។ ២.ការកំណត់ទីតាំងជាក់លាក់របស់សាលាក្រុង។ ៣.ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការងារ ដែលត្រូវផ្ទេរពីរដ្ឋបាលស្រុកទឹកឈូ មករដ្ឋបាលក្រុងបូកគោ។ ៤.ការរៀបចំថវិកាប្រចាំឆ្នាំរបស់ក្រុង។ ៥.ការប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង។

គេហទំព័រខាងលើបានបន្តថា នៅក្នុងកិច្ចប្រជុំ លោក សក់ សេដ្ឋា បានផ្តល់អនុសាសន៍ជូន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អភិបាលខេត្តកំពត និងអគ្គនាយករងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នូវការងារសំខាន់ៗ ដូចជា ការរៀបចំស្នើសុំសមាសភាពគណៈអភិបាល សមាសភាពមន្រ្តីរាជការតាមរចនាសម្ព័ន្ធរដ្ឋបាលក្រុង កងកម្លាំងទាំងបី រៀបចំប្លង់គោលសម្រាប់អគាររដ្ឋបាលក្រុង និងកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលត្រូវត្រៀមសម្រាប់ពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ និងការចូលបំពេញការងាររបស់រដ្ឋបាលក្រុង៕

ដោយ៖ Moeun Dyna