កោះកុង៖ រដ្ឋបាលខេត្តកោះ គ្រោងកាត់ដីទំហំ ៦៩១.១៤ហិកតា ស្ថិតនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ជូនអតីតយុទ្ធជន។ បើតាមកិច្ចប្រជុំពិភាក្សាលើករណីដីសម្បទានសង្គមកិច្ចចំនួនខាងលើ ដែលដឹកនាំ ដោយ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំខាងលើ លោក សុខ សុទ្ធី បានណែនាំ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ចុះបញ្ជីដីរដ្ឋដោយយកតាមទំហំដី នៃអនុក្រឹត្យលេខ២៥៦ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១។
ជាមួយគ្នា លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង រៀបចំរបាយការណ៍តារាងទិន្នន័យចំនួនអតីតយុទ្ធជនសាជាថ្មីឱ្យបានច្បាស់លាស់ ទៅតាមគោលការណ៍របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បញ្ជូនមកខេត្តដើម្បីស្នើសូមគោលការណ៍ពីលោក ស្រីអភិបាលខេត្ត ប្រជុំពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ មុននឹងអនុវត្តនីតិវិធីបន្ត៕
បើតាមរដ្ឋបាលខេត្តបានឱ្យដឹងថា ក្រោយស្រង់ស្ថិតិរួច ក្រុមការងារនឹងពិចារណាបន្តទៀតថា នឹងផ្ដល់ជូនដីទំហំប៉ុន្មានសម្រាប់មួយគ្រួសារ មុននឹងធ្វើការផ្ដល់ជូន។ យ៉ាងណមិញ កាលបរិច្ឆេទច្បាស់លាស់នៃការសិក្សាស្រង់ស្ថិតិនោះនៅមិន បញ្ជាក់ទេ៕
ដោយ៖ Moeun Dyna