ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០ កំណើនកម្ចីសម្រាប់វិស័យសំណង់ និងអចលនទ្រព្យបានថយចុះមកប្រមាណ ២៣ភាគរយ ពីព្រោះ គម្រោងសំណង់មួយចំនួនផ្អាកដំណើរការដោយសារជំងឺសកល។ បើតាមរបាយការណ៍របស់ ធនាគារជាតិកម្ពុជា បានបញ្ជាក់ថា ការថយចុះនេះ ជាកត្តាវិជ្ជមាន ដែលវាជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យផងដែរ។
ក្នុងចំណោមកំណើនមធ្យម ២៣ភាគរយ នោះវិស័យសំណង់មានអត្រាកំណើន ២៦,៣ភាគរយ ដែលជាការធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងកំណើនប្រមាណ ២៩,១ភាគរយ ក្នុងឆ្នាំ២០១៩។ បើតាមរបាយការណ៍ដដែល បានបន្តឱ្យដឹងទៀតថា កម្ចីក្នុងវិស័យអចលនទ្រព្យវិញ មានអត្រាកំណើនត្រឹមតែ ២០,១ភាគរយ ធ្លាក់ចុះខ្លាំងបើធៀប កំណើនប្រមាណ ៤០,៣ភាគរយ ក្នុងឆ្នាំ២០១៩។
ការធ្លាក់ចុះនៃកំណើននេះ គឺជាការជួយកាត់បន្ថយហានិភ័យកំណើនទីផ្សារអចលនទ្រព្យហួសកំណត់ ដែលតែងតែជាកង្វល់របស់អ្នកវិភាគអន្តរជាតិដូចជា ADB, IMF, និង World Bank ជាដើម។ បើតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា បន្តទៀតថា កន្លងមកនេះ ហានិភ័យសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាកើនឡើងមានកត្តា ៣យ៉ាងធំៗ គឺ៖ ភាពមិនប្រាកដប្រជាលើការដក EBA ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ហើយជាពិសេសការកើនឡើងជាបន្តបន្ទាប់នៃឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ ដែលបណ្ដាលមកពីការរីកដុះដាលនៃវិស័យសំណង់រយៈពេលយូរ។
ជុំវិញបញ្ហាហានិភ័យសេដ្ឋកិច្ច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីនេះ ក៏បានបន្ទាបការព្យាករណ៍កំណើន GDP របស់កម្ពុជា សម្រាប់ឆ្នាំ២០២០ ពី៦.៥ ភាគរយ មកនៅត្រឹមប្រមាណ ៦,១ភាគរយ ដោយសារហេតុផលមួយចំនួនដូចជា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ការរាតត្បាតនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ជម្លោះអ៊ីរ៉ង់ និងអាមេរិក និងបញ្ហាជាច្រើនទៀត។
គួសបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យ នៅតែមានចំណែកច្រើនក្នុងកម្ចីសរុបទាំងអស់ ពោលគឺមានចំណែកប្រមាណ ៣២ភាគរយ នៃកម្ចីសរុប។ ក្នុងនោះ វិស័យសំណង់ស្រូបយក ១០,២ភាគរយ អចលនទ្រព្យស្រូបយក ៨,៧ភាគរយ ហើយកម្ចីទិញអចលនទ្រព្យរបស់បុគ្គលទូទៅស្រូបយកប្រមាណ ១៣,៧ភាគរយ។
សូមរម្លឹកថា គិតត្រឹមខែមិថុនា នៃឆ្នាំ២០១៩ ឥណទានធនាគារដែលបានផ្តល់ដល់វិស័យសំណង់ អចលនទ្រព្យ ក៏ដូចជាប្រាក់កម្ចីទិញផ្ទះ គឺមានប្រមាណ ៦,៤៥ពាន់លានដុល្លារ ដែលកើន ៣៨,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ ចំនួននេះគឺស្មើនឹង ២៩,៦ភាគរយ នៃឥណទានសរុបដែលមានប្រមាណ ២១,៩ពាន់លានដុល្លារ នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ មិនមែនហិរញ្ញវត្ថុរបស់កម្ពុជាទាំងអស់ ដែលនេះជាតួលេខខ្ពស់បំផុតបើប្រៀបធៀបនឹងវិស័យផ្សេងៗទៀត៕
ប្រភព៖ គេហទំព័រសំណង់និងអចលនទ្រព្យ
ដោយ៖ Moeun Dyna