Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅតំបន់ភាគខាងត្បូងភ្នំពេញ និងតំបន់ជុំវិញបឹងជើងឯក បានបើកការដ្ឋានហើយ

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងតំបន់ជុំវិញបឹងជើងឯក ដែលជាជំនួយឥតសំណងរបស់ជប៉ុនប្រមាណ ២៧លានដុល្លារ បានចាប់ផ្ដើមបើកការដ្ឋានកាលពីចុងខែឧសភា កន្លងទៅនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមការជូនដំំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២​ ខែមិថុនា នេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ការអនុវត្តគម្រោងបែងចែកជា ៤ ដំណាក់កាលរួមមានដូចខាងក្រោម៖

១.ចាក់ដីបំពេញលើផ្ទៃដីទំហំប្រមាណ ៣ហិកតា នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។ ២.សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ។

៣.សាងសង់សំណង់ និងបំពាក់ម៉ូទ័របូមទឹកកខ្វក់ នៅអាងបង្ហៀរទឹកចេញពីស្ថានីយបូមទឹកបឹងត្របែក។ ៤.ចាក់ដីសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយប្រវែង ១,៧ម៉េត្រ និងទទឹង ១០ម៉ែត្រ ជីកដាក់បំពង់លូដែកទំហំ ០,៣០ម៉ែត្រ និងប្រវែង១,៨៤គីឡូម៉ែត្រ ក៏ដូចជាសាងសង់ប្រព័ន្ធបូមទឹកកខ្វក់មកស្ថានីយប្រព្រឹត្តកម្ម។

នេះជាគម្រោងដំបូង ដែលកំពុងសាងសង់ដោយក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture ដែលបានឈ្នះការដេញថ្លៃកាលពីខែមេសាកន្លងមកនេះ។ បើតាមការបញ្ជាក់ នៅក្នុងសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តទៀតថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា គម្រោងនេះមានគោលបំណងរួមចំណែក ធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក អនាម័យ និងបរិស្ថាន តំបន់ដែលបានលើកឡើងខាងលើ។

លោក ឃួង ស្រេង ក៏ធ្លាប់បានថ្លែងឱ្យដឹងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញមានទំហំដី ៥២០ហិកតា ដោយក្នុងនោះ ១៨១ហិកតា ជាដីរបស់រដ្ឋដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹង កាលពីដើមឆ្នាំ២០២១នេះ ថា ស្ថានីយនឹងត្រូវនឹងសាងសង់ឡើងលើដី ៣ហិកតា នៅម្ដុំបឹងជើងឯក ដែលផ្នែកមួយនៃតំបន់អភិវឌ្ឍន៍បឹងទំពុន។ លោក ថា ក្រោយសាងសង់រួច ស្ថានីយនេះនឹងមានសមត្ថភាពបំលែងទឹកកខ្វក់ចេញពីខណ្ឌមួយចំនួនដូចជា ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ជាដើម៕

ដោយ៖ Moeun Dyna