ភ្នំពេញ៖ រយៈពេល៥ខែ ឆ្នាំ២០២១ ការនាំចេញកសិផលកម្ពុជា ទៅកាន់ទិសដៅ ៥៧ប្រទេស មានបរិមាណសរុប ៤ ១៨៧ ២៥៧,៤៣តោន គឺមានការកើនឡើងចំនួន ១ ៩៧៥ ៥៤៧,៥៦តោន ស្មើនឹង ៨៩,៣២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧តោន។ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម។
អគ្គនាយកដ្ឋានកសិកម្ម បានបន្តថា កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១.ការនាំចេញអង្ករ បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល ៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៦០ ៤៥៣តោន ស្មើនឹង ៦៨,៨៦%, អង្ករសគ្រប់ប្រភេទមានចំនួន ៦៧ ៨៤៣តោន ស្មើនឹង ២៩,១១% និងអង្ករចំហុយមានចំនួន ៤ ៧៣៥តោន ស្មើនឹង ២,០៣%។
អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ៥៥ ១៨៨តោន (២៣,៦៦%), ប្រទេសចិន មានបរិមាណសរុបចំនួន ១២០ ៨៣៤តោន (៥១,៨៦%), អាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២១ ៨៤៨តោន (៩,៣៨%) និង១៩ប្រទេសផ្សេងទៀត មានបរិមាណសរុប ៣៥ ១៦១តោន (១៥,១%)។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៤ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ១៦៨ ៥១១តោន (៧២,៣១%) និងក្រុមហ៊ុន ៤៤ដទៃទៀតបាននាំចេញត្រឹមតែ ៦៤ ៥២០តោន (២៧,៦៩%)។
២.ការនាំចេញស្រូវ មានចំនួន ១ ៦១៤ ២១១តោន ក្នុងរយៈពេល ៥ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៨៥៥ ២០២,៥២តោន) ដែលមានការកើនឡើងចំនួន ៧៤៨ ១២៩តោន(៨២%) បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥ ១៨៦តោន។
៣.ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ០៩៩ ០២៣,៩១តោន កើន ចំនួន ១ ១០៤ ១៦១,៣០តោន ស្មើនឹង ៦៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ១ ៩៩៤ ៨៦២,៦១តោន ដែលក្នុងនោះរួមមាន៖
-ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២១១ ៣៥៣,១២តោន (កើនចំនួន ២១,៥៨%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨២៩ ០៥០តោន, វៀតណាមចំនួន ៣៦២ ៦៥១,៥៦តោន និងចិនចំនួន ១៩ ៦៥១,៥៦តោន។ -ដំឡូងមីស្រស់ មានចំនួន ៣៣៩ ០០០តោន (ថយចុះចំនួន -៥,២០%) ក្នុងនោះនាំចេញទៅថៃចំនួន ៦០ ០០០តោន និងវៀតណាម ចំនួន ២៧៩ ០០០តោន។ -ម៉្សៅដំឡូងមីមានចំនួន ១៣ ៤៥៤,៦៤ តោន (កើនចំនួន ៣០,៩៧%) ក្នុងនោះនាំចេញទៅ ចិនចំនួន ១២ ៨៤១តោន, អ៊ីតាលីចំនួន ៣៣,៨៤តោន, ណេដឺឡេនចំនួន ១១៤តោន, ថៃចំនួន ២៩៥,៨០តោន និងអាមេរិកចំនួន ១៧០តោន។
-កាកសំណល់ដំឡូងមី ចំនួន ៣ ៧០៨,០០តោន (ថយចុះចំនួន -៣៣,២៩%) នាំចេញទៅ ចិន។ -គ្រាប់ស្វាយចន្ទី ចំនួន ៨០១ ៧៣២,២៦តោន (កើនចំនួន ៣២១,៦៥%) នាំចេញទៅ ចិន ចំនួន ៣ ៥៦៦,៨៨តោន, ឥណ្ឌាចំនួន ១៧តោន, ជប៉ុន ចំនួន ៣៣,៤៦តោន, ឡាវ ចំនួន ២តោន, អារ៉ាប់ ចំនួន ០,៥២តោន, ថៃ ចំនួន ៣ ១០៨,៤០តោន និង វៀតណាម ចំនួន ៧៩៥ ០០៤តោន។
-គ្រាប់ពោត ចំនួន ១៣៦ ៨៧៩,១៣តោន (កើនចំនួន ២៨៤,១០%) នាំចេញទៅប្រទេសបង់ក្លាដេស ចំនួន ៤២តោន, កូរ៉េ ចំនួន ២១តោន, កោះតៃវ៉ាន់ ចំនួន ៦៧៦,១៣តោន, ថៃចំនួន ៤២ ៣៥០តោន និងវៀតណាម ចំនួន ៩៣ ៧៩០តោន។ -គ្រាប់សណ្តែកបាយ ចំនួន ១៦ ៥៨០តោន (កើនចំនួន ៥១១,៨៦%) នាំចេញទៅវៀតណាម។ -គ្រាប់សណ្តែកសៀង មានចំនួន ១៦ ៧០០,០៤ តោន (កើនឡើងចំនួន ១០០%) នាំចេញទៅប្រទេសថៃចំនួន ៦ ២៥០ តោន ប្រទេសអារ៉ាប់រួមចំនួន ០,០៤ តោន និងវៀតណាម ចំនួន ១០ ៤៥០តោន។
-ផ្លែចេកស្រស់មានចំនួន ២០៥ ០២៤,៤៧ តោន (កើនឡើងចំនួន ៦៨,៨៦%) នាំចេញទៅ ចិន ចំនួន ១៧៩ ០៩៦,៨១តោន, ជប៉ុន ចំនួន ៣៣៣,៨៤តោន, សិង្ហបុរី ចំនួន ៤៨០,៤៨តោន និង វៀតណាម ចំនួន ២៥ ១១៣,៣៤ តោន។ -ផ្លែក្រូចថ្លុង មានចំនួន ២២ ៦១៨,៤៤តោន (កើនឡើងចំនួន ១២៨,៤៧%) នាំចេញទៅ ថៃ ចំនួន ២២ ៥៥៤តោន និងវៀតណាម ចំនួន ៦៤,៤៤តោន។
-ផ្លែស្វាយស្រស់មានចំនួន ១៥៦ ៧២៤,៥២ តោន (កើនឡើងចំនួន ២៥៥,៣៩%) នាំចេញទៅ ហុងកុង ចំនួន ៥០,៧៨តោន, កូរ៉េ ចំនួន ១២៤,៣៨តោន, គុយវ៉ែត ចំនួន ០,០១តោន, សិង្ហបុរី ចំនួន ១៦,២០តោន, ថៃ ចំនួន ២០ ២១៩,២៨តោន, វៀតណាម ចំនួន ១៣៦ ១០២,៦៥តោន និងចិន ចំនួន ២១១,២២តោន។
ដំណាប់ស្វាយ មានចំនួន ១១ ០៤៨,៩៤តោន (កើនឡើងចំនួន ១៩៨,៤២%) នាំចេញទៅ ចិនចំនួន ៩ ១៤៩,២៥តោន, ប៉ុនចំនួន ៥១២,៥០តោន, កូរ៉េ ចំនួន ៩,១៥តោន, ហ្វីលីពីន ចំនួន ៥៥៤,២៤តោន, ថៃ ចំនួន ៧៣០,៦១តោន, អាមេរិក ចំនួន ៥,៣៩តោន, វៀតណាម ចំនួន ៧៦,៨០តោន និងអង់គ្លេស ១១តោន។ -ទឹកស៊ីរ៉ូស្វាយ មានចំនួន ២ ៨៦៩,៧៣តោន (កើនចំនួន ៣០,៩៥%) នាំចេញទៅ ចិន ចំនួន ១៤៨តោន និងហ្វីលីពីន ចំនួន ២ ៧២១,៧៣តោន។ -ដូងប្រេង មានចំនួន ២១ ៨១៦,៦៩តោន (កើនចំនួន ៤១,៧៦%) នាំចេញទៅ ឥណ្ឌា ចំនួន ១៨ ០១៦,៦៨តោន និងម៉ាឡេស៊ី ចំនួន ៣ ៨០០តោន។
-ម្រេច មានចំនួន ៧ ៤៦១,២១តោន (កើនឡើងចំនួន ១៩៥,២០%) នាំចេញទៅ ប៊ែលហ្សិក ចំនួន៧,៥៦តោន, ឆេក ចំនួន ៦,១០តោន, បារាំង ចំនួន ១៣,៨៦តោន, អាល្លឺម៉ង់ ចំនួន ៧០,៨២តោន, ឥណ្ឌា ចំនួន ២៥តោន, ជប៉ុន ចំនួន ២,១៨តោន, កូរ៉េចំនួន ១,៣០តោន, ប៉ូឡូញ ចំនួន ៧,០៩តោន, រុស្សីចំនួន ០,៣១តោន, ស៊ុយអ៊ែត ចំនួន ១,១៥តោន, កោះតៃវ៉ាន់ ចំនួន ១៥តោន, អង់គ្លេស ចំនួន ១,២៤តោន, អារ៉ាប់រួម ចំនួន ០,០១តោន, អាមេរិក ចំនួន ១,១០តោន និងប្រវៀតណាម ចំនួន ៧ ៣០៨,៤៩តោន។
-ថ្នាំជក់ មានចំនួន ៨៧៩,៨៥តោន (ថយចុះចំនួន -៦៨,១៣%) នាំចេញទៅ ប៊ែលហ្សិក ចំនួន ១៩,៨២តោន, អាល្លឺម៉ង់ ចំនួន ០,០០១តោន, ហុងគ្រី ចំនួន ០,០១តោន, ឥណ្ឌូនេស៊ី ចំនួន ០,០២តោន, សិង្ហបុរី ចំនួន ០,០០៥តោន និង វៀតណាម ៨៦០តោន។ -បន្លែចម្រុះ មានចំនួន ៣៦,៤៦តោន (ថយចុះចំនួន -៣៣,០៥%) នាំចេញទៅ បារាំង។ - ម្ទេសស្រស់ មានចំនួន ៥៦ ៥០៧,១២តោន (កើនចំនួន ៩៤,៨៦%) នាំចេញទៅ ថៃចំនួន ៥៦ ៥០៧,១២តោន និង អារ៉ាប់រួម ចំនួន ០,០០២តោន។ -ម្ទេសក្រៀម មានចំនួន ៦០០តោន (ថយចុះចំនួន -៥០%) នាំចេញទៅ ថៃ និង ផលិតផលចំនួន ៥០មុខ ផ្សេងទៀត មានចំនួន ៧៤ ០២៩,២៩តោន។
៤.តម្លៃនៃការនាំចេញកសិផល ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ២៣៥ ៥៨២ ៧៣៦,៧២ ដុល្លារ ក្នុងនោះ ការនាំចេញអង្ករមានចំនួន ១៩៦ ៩១១ ១៩៥ដុល្លារ, ស្រូវមានចំនួន ២៣៩ ០៥១ ២២៨ដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៧៩៩ ៦២០ ៣១៣,៧២ដុល្លារ។
សូមបញ្ជាក់ថា ការនាំចេញកសិផលសរុបក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៣២% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន -៣៤,៥៦% ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់៕
ដោយ៖ Moeun Dyna