ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ហើយនិងពង្រឹងជំរុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។ បើតាមថ្លែងបន្តរបស់ លោក ជា សុមេធី។
នៅក្នុងពិធីខាងលើ ដែលធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក អភិបាលខេត្តព្រៃវែង បានណែនាំដល់មន្ត្រីប្រចាំការនៅតាមច្រកទ្វារអន្តរជាតិនេះត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តឱ្យបាននូវវិធានការ ៣ ការពារ ៣កុំ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មានទីតាំងភូមិសាស្ត្រខាងកើតទល់នឹងស្ទឹង ឆ្លងស្ពានថ្មជាប់នឹងប៉ុស្តិ៍ ៨៣៣ ស្ថិតនៅក្នុង ភូមិតាំងណាម ឃុំតឹងប៊ិន ស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម មានគោលខ័ណ្ឌសីមាទន្លេព្រំដែន ចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
ច្រកទ្វារព្រំដែនម៉ឺនជ័យ មានទីតាំងនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ជាប់ច្រកទ្វារតំបន់ព្រំដែន តឺនណាម ខេត្តតៃនិញ ប្រទេសវៀតណាម។ ច្រកទ្វារនេះត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចដំឡើងពីកម្រិតច្រកទ្វារតំបន់ ទៅជាច្រកទ្វារព្រំដែន-អន្តរជាតិ កាលពីខែមេសា ឆ្នាំ ២០១៤។ ចំណែកភាគីវៀតណាមបានឯកភាព និងបំពេញនីតិវិធីផ្ទៃក្នុងរួចរាល់ក្នុងការប្រែក្លាយច្រកតឺនណាមទៅជាច្រកទ្វារអន្តរជាតិ កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៩។
សង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ឋនានា សម្រេចបានមួយចំនួន រួមមាន៖ អគារទីស្នាក់ការត្រួតពិនិត្យបណ្តោះអាសន្នចំនួន ១អគារ ស្មើនឹង ៦បន្ទប់ អគារទីស្នាក់ការត្រួតពិនិត្យជាសំណង់រឹងមាំ ចំនួន ២អគារ ស្មើនឹង ១៤បន្ទប់ សាងសង់ខ្លោងទ្វាររូបប្រាសាទអង្គរវត្ត ចំនួន១ អគារស្នាក់នៅចំនួន ១អគារ ស្មើនឹង ៧បន្ទប់ ផ្ទះបាយចំនួន ១អគារ ប៉ុស្តិ៍ត្រួតពិនិត្យចំនួន១ ផ្លូវសម្រាប់ចរាចរចេញចូលចំនួន ២ខ្សែ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ៕
ដោយ៖ Moeun Dyna