ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត ក្រុមហ៊ុនចំនួន ៣ វិនិយោគបង្កើតរោងចក្រ ផលិតកាបូប ថង់ប្លាស្ទីក និងដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ខេត្តកណ្ដាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ សរុបទុនវិនិយោគជិត ១០លានដុល្លារ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន FU BI XING (CAMBODIA) PACKAGING CO., LTD ក្នុងទឹកប្រាក់ ២,៥លានដុល្លារ។
គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន SHENG HE LEISURE BAG (CAMBODIA) CO., LTD ក្នុងទឹកប្រាក់ ២,៦លានដុល្លារ។
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៩៨ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន RUIXUE (CAMBODIA) CO., LTD ក្នុងទឹកប្រាក់ ៤,៥លានដុល្លារ។
គម្រោងវិនិយោគទាំង៣ ខាងលើនេះ នឹងផ្តល់ការងារចំនួន ២៥៤៣កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។ បើតាមការបញ្ជាក់របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា សម្រាប់ឆ្នាំ២០២១ គិតត្រឹមចុងខែឧសភានេះ បានសម្រេចអនុម័តគម្រោងធំៗ ជាច្រើនដែលមានទុនវិនិយោគសរុបមានប្រមាណជាង ២,១ពាន់លានដុល្លារ៕
ដោយ៖ Moeun Dyna