ភ្នំពេញ៖ រយៈពេល ១ខែឧសភា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានដើរកម្សាន្តទូទាំងប្រទេសប្រមាណ ១៩៤,០២៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥នាក់។ បើតាមការថ្លែងឱ្យដឹងពី រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងឱ្យដឹងបន្តថា សប្តាហ៍ទី១ ភ្ញៀវប្រមាណ ១៩,៧០៥នាក់, សប្តាហ៍ទី២ ភ្ញៀវប្រមាណ ៤៩,៨៨០នាក់, សប្តាហ៍ទី៣ ភ្ញៀវប្រមាណ ៥២,៨៩១នាក់ និងសប្តាហ៍ទី៤ ភ្ញៀវប្រមាណ ៧១,៥៤៩នាក់។
លោក ថោង ខុន បានបញ្ជាក់ឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភានេះ រួមមាន៖ ខេត្តកំពត ៣៨,៨១៧នាក់ ខេត្តបាត់ដំបង ២៦,៨៤០នាក់ ខេត្តកែប ២៣,០០៤នាក់ ខេត្តសៀមរាប ១៨,៧៥៧នាក់ ខេត្តកំពង់ស្ពឺ ១៦,១៨៧នាក់ ខេត្តព្រះសីហនុ ១២,១៦០នាក់។
ចំនួននេះមានការកើនឡើងប្រមាណ ៦៩៦,៣៣ភាគរយ ធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី០៧-២៥។ បើតាមការលើកឡើងរបស់ លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានការសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕
ដោយ៖Moeun Dyna