កោះកុង៖ គម្រោងស្ថាបនាផ្លូវលំជនបទ តាមឆ្នេរបណ្ដោយសមុទ្រនៃខេត្តកោះកុង ដែលមានទទឹង ៩ម៉ែត្រ និងបណ្ដោយជាង ៣៨គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ដៃសមុទ្រចំនួន៥ មានប្រវែងជាង ៤ ០០០ម៉ែត្រ សម្រេចបាន ៧០ភាគរយហើយ។ បើតាមការថ្លែងឱ្យដឹងពី លោក វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប។
ផ្លូវនេះមានឈ្មោះថា «ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន» ដែលជាអំណោយដ៏ថៃ្លថ្លារបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋខេត្តកោះកុង ដែលតភ្ជាប់ស្រុកមណ្ឌលសីម៉ា ទៅកាន់ស្រុកគិរីសាគរ និងក្រុងខេមរភូមិន្ទ។ បើតាមការថ្លែងបន្តរបស់ លោក វង្ស សំអាត បានបន្តទៀតថា ផ្លូវនេះលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រ ដែលមានឆ្នេរខ្សាច់សស្អាត ទឹកថ្លាឈ្វេងព័ទ្ធទៅដោយភ្នំមានព្រៃឈើខៀវស្រងាត់ ដោយធ្វើចេញពីចំណុច PK0 នៅវត្តតាចាត ចាប់ផ្តើមពីហ្នឹងមករហូតឆ្លងកាត់ស្រុកទាំងអស់ ៣។
«ការស្ថាបនាផ្លូវលំនេះឡើងមិនត្រឹមតែតភ្ជាប់រវាង ប្រជាជននិងប្រជាជននោះទេ តែគឺជាការតភ្ជាប់ តំបន់ទីប្រជុំជនទៅកាន់តំបន់ដាច់ស្រយាល មួយដែលមិនសូវមានប្រជាជនទៅដល់»។ បើតាមការបញ្ជាក់ របស់ អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប លោក វង្ស សំអាត បានបន្ថែមថា នៅពេលដែលផ្លូវនេះធ្វើរួចរាល់ហើយ ប្រជាជនខ្មែរទូទាំងប្រទេសអាចមកមើល មកកម្សាន្ត ជាកន្លែងទេសចរណ៍ថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់អភិវឌ្ឍន៍។ ហើយមិនមែនតែនៅក្នុងទីក្រុងនោះទេ យើងនឹកស្មានមិនដល់នោះទេ និងគ្មាននរណាម្នាក់នឹកឃើញថាមានផ្លូវនេះទេ តែពេលដែលយើងមកដល់ទើបដឹងថា ផ្លូវធំអស្ចារ្យ។
ការស្ថាបនាផ្លូវនេះ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ នៅពេលដែលមានផ្លូវលំហូរសេដ្ឋកិច្ច ការវិនិយោគ នឹងចូលទៅដល់ភូមិ ឃុំ ផ្ទះប្រជាជន ធ្វើឱ្យពួកគាត់អាចទទួលបានផលប្រយោជន៍ ប្រកបដោយសមធម៌ពីការកសាងផ្លូវនេះ។ បើតាមការបញ្ជាក់របស់ លោក វង្ស សំអាត ថា ជាពិសេសផ្លូវមួយខ្សែនេះ គឺបានសាងសង់ឡើងប្របតាមឆ្នេរសមុទ្ររបស់ខេត្តកោះកុង ដែលសម្បូរទៅដោយឆ្នេរខ្សាច់ពណ៌ស សម្រស់ព្រៃឈើ ព្រៃកោងកាង ប្រភពជីវៈចម្រុះ ដែលជាឋានសួគ៌សម្រាប់អ្នកទេសចរ។
សូមរម្លឹកថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេច នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលសាងសង់ផ្លូវលំថ្មីមួយខែ្សនេះ ស្ថិតក្នុងភូមិសាស្ត្រភូមិទួលតាចាប ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ឆ្លងកាត់ព្រៃភ្នំ ដងអូរដៃសមុទ្រឆ្ពោះទៅកាន់ស្រុកគិរីសាគរ និងក្រុងខេមរភូមិន្ទរបស់ខេត្តកោះកុង។ គម្រោងផ្លូវនេះ នឹងស្ថាបនារួចរាល់នៅក្នុង ខែមិថុនា ឆ្នាំ២០២១នេះ៕
ដោយ៖ Moeun Dyna