Register Already an agent ? Login

ក្រុមហ៊ុនចិនធំៗ កំពុងស្វែងរកទីតាំងដីដំណាំកសិកម្មសម្រាប់កែច្នៃនាំចេញទៅកាន់ប្រទេសចិន និងប្រទេសធំផ្សេងទៀត

ភ្នំពេញ៖ ក្រុមហ៊ុនចិនធំៗជាច្រើនបាននិងកំពុងស្វែងរកដីរាប់រយហិកតា ដើម្បីដាំដំណាំកសិកម្មសម្រាប់កែច្នៃនាំចេញទៅកាន់ប្រទេសចិន និងប្រទេសធំៗដទៃទៀត។ បើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានបន្តថា កសិផលជាច្រើនបានចាប់ផ្តើម និងនាំចេញទៅចិន ដូចជា ចេកអំបូងលឿង ស្វាយកែវរមៀត ហើយនិងផលិតផលកសិកម្មជាច្រើនទៀតដូចជា មៀនប៉ៃលិន គ្រាប់ស្វាយចន្ទី កំពុងត្រៀមនាំចេញទៅកាន់ចិនផងដែរ។

ក្រុមហ៊ុនចិនធំៗជាច្រើន បាននិងកំពុងចាប់ផ្តើមទិញដី និងប្រមូលទិញដី ដើម្បីវិនិយោគលើវិស័យកសិកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់ចិន និងប្រទេសជាច្រើនទៀតផងដែរ។ បើតាមមន្រ្តីខាងលើ បានបន្តទៀតថា បច្ចុប្បន្ន វិនិយោគិនបរទេស ដែលដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា គឺជនជាតិចិន ហើយការវិនិយោគភាគច្រើនត្រូវបានធ្វើឡើងក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែថ្មីៗនេះ វិនិយោគិនចិនបានចាប់ផ្ដើមដាក់ទុនវិនយោគលើវិស័យកសិកម្មបន្ថែមពីលើវិស័យដែលពួកគេបានដាក់ទុនរួចហើយ។

បច្ចុប្បន្ន ចិនក៏បានសម្លឹងមើលឃើញវិស័យកសិកម្ម សម្រាប់ការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ ពីព្រោះប្រទេសចិនក៏បាននាំចូលផលិតផលកសិកម្មពីកម្ពុជាច្រើនដែរក្នុងមួយឆ្នាំៗ ដូចជាចេកអំបូងលឿង ស្វាយស្រស់ និងដំណាំផ្សេងៗទៀតកំពុងចរចានាំចេញ។ បើតាមការថ្លែងរបស់ លោក វេង​ សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ថា ចិនគឺជាទីផ្សារធំមួយនៃផលិតផលកសិកម្មរបស់កម្ពុជា តែកម្ពុជាត្រូវតែពង្រឹងគុណភាពផលិតផលរបស់ខ្លួនបន្ថែមដើម្បីអាចឈានជើងចូលទីផ្សារនៃប្រទេសចិន។

«តាមពិតកម្ពុជាមានផលិតផលជាច្រើនដែលអាចនាំចេញទៅចិនបានព្រោះមានតម្រូវការខ្ពស់ តែដោយសារតែរបាំងនៃភូតគាមអនាម័យ ទើបធ្វើឱ្យកម្ពុជាត្រូវរាំងស្ទះក្នុងការនាំចេញ ហើយក៏ត្រូវការពិនិត្យល្អិតល្អន់ពីសំណាក់អ្នកជំនាញចិនផងដែរ»។ បើតាមការបញ្ជាក់ របស់ លោក វេង សាខុន បានបន្ថែមថា វិស័យកសិកម្មរបស់កម្ពុជា ក៏មានវិនិយោគិនជាច្រើនបាននិងកំពុងបណ្ដាក់ទុនវិនិយោគ ដើម្បីកែច្នៃនិងនាំចេញទៅកាន់ទីផ្សារប្រទេសចិនវិញ ក្នុងនោះក៏មានចេកអំបូងលឿង ដំឡូងមី និងផលិតផលកសិកម្មផ្សេងទៀត។ ហើយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងទាក់ទាញវិនិយោគិនបន្ថែមមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងចូលមកកម្ពុជាហើយ ប៉ុន្តែការចូលមករបស់អ្នកវិនិយោគធំៗ អាចធ្វើឡើងនៅពេលឆាប់ៗនេះ ដោយវ៉ាក់សាំងកូវីដ-១៩ ប្រកាសប្រើប្រាស់ជាផ្លូវការ ព្រោះអ្នកវិនិយោគធំៗពួកគេ ក៏លំបាកផងដែរ ប្រសិនជាពួកគាត់ចូលមក ត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល១៤ថ្ងៃ។ បើតាមការលើកឡើងរបស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង។

លោក បានបន្ថែម បើកម្ពុជាធ្វើបានល្អ នឹងក្លាយជាទីផ្សារបោះដុំ សម្រាប់ចែកចាយទៅតំបន់អាស៊ាន ហើយក្រុមហ៊ុនអាមេរិកធំៗ នឹងចូលមកកម្ពុជា ដើម្បីផលិតទំនិញនាំចេញទៅកាន់់ប្រទេសចិន ក៏ដូចជាទីផ្សារអាមេរិក ដោយសារកម្ពុជាទទួលបានប្រព័ន្ឋអនុគ្រោះពន្ឋ(GSP) ពីអាមេរិកផងដែរ៕

ប្រភព៖ គេហទំព័រអចលនទ្រព្យអាស៊ី

ដោយ៖ Moeun  Dyna