ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ កម្ពុជា សម្រេចការនាំចេញទៅកាន់ប្រទេសជប៉ុន ក្នុងតម្លៃទឹកប្រាក់សរុបជិត ៥០០លានដុល្លារ។ បើតាមការឱ្យដឹងពី អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បន្តថា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ បានកើន ៣ភាគរយ។
ការនាំចេញរបស់កម្ពុជា ទៅជប៉ុននៅតែមានសម្ទុះច្រើនជាង ប្រទេសឡាវ និងមីយ៉ាន់ម៉ាដដែល ទោះបីក្នុងពេលជាមួយគ្នាកំពុងរងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ក្ដី ក៏កម្ពុជានៅតែរក្សាបានចំណាត់ថ្នាក់ខ្ពស់ស្ថិតនៅលេខរៀងលំដាប់ទី៨ នៃប្រទេសក្នុងតំបន់អាស៊ាន ដែលបាននាំចេញទៅជប៉ុន។ បើតាមការបញ្ជាក់ របស់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន។
របាយការណ៍របស់ JETRO បង្ហាញឱ្យដឹងថា គិតមកដល់ត្រឹមបំណាច់ខែមីនា ជប៉ុនបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ១៤៣លានដុល្លារ ដែលតួលេខនេះគឺទាបជាងកម្ពុជានាំចេញទៅជប៉ុនដែលមានទឹកប្រាក់ប្រមាណជិត ៥០០លានដុល្លារ។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ សម្រេចបានជាង ៦៣៣លានដុល្លារ កើនឡើងជិត ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ក្នុងនោះការនាំចេញពីកម្ពុជាកើនឡើងតិចតួចក្នុងរង្វង់ ៣ភាគរយ ខណៈការនាំចូលមកវិញ មានកំណើនជិត ៣០ភាគរយ។ បើតាមរបាយការណ៍ដដែល។
កំណើននៃការនាំចេញរបស់ កម្ពុជាអាចនឹងឡើងខ្ពស់ជាងនេះបន្ទាប់ពីស្ថានភាពកូវីដ-១៩ អាចគ្រប់គ្រងបាន ស្របពេលដែលរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការពង្រីកសក្តានុពលវិស័យដឹកជញ្ជូន ដើម្បីធ្វើឱ្យមានភាពឆាប់រហ័ស និងតម្លៃទាប។ បើតាមការថ្លែងរបស់ លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានបន្តថា នៅពេលការហោះហើររវាងប្រទេសទាំង២ ដំណើរការធម្មតាឡើងវិញ កម្ពុជាមិនត្រឹមតែទទួលបានភ្ញៀវទេសចរជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែការធ្វើពាណិជ្ជកម្មក៏នឹងមានសម្ទុះកើនឡើងផងដែរ។
គូសបញ្ជាក់ថា កន្លងមកផលិតផលសំខាន់ៗដែលកម្ពុជា បាននំាចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និងគ្រឿងដង្គុំម៉ាស៊ីនអគ្គិសនី ចំណែកកម្ពុជាមានតម្រូវការនាំចូលពីជប៉ុនវិញគឺផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្ររថយន្ត គ្រឿងអេឡិចត្រូណិក គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម៕
ប្រភព៖ PNN News
ដោយ៖ Moeun Dyna