គម្រោងនេះធំណាស់ មានផ្នែកជាច្រើនទាំងសណ្ឋាគារ ភោជនីយដ្ឋាន អាផាតម៉ិន ផ្សារទំនើប ទីលានវាយកូនហ្គោល ឆ្នេរខ្សាច់សម្បនិម្មិត និងសេវាកម្មកំសាន្តលំដាប់អន្តរជាតិជាច្រើនទៀត ដែលក្រុមហ៊ុន កំពុងដំណើរការសាងសង់ ទោះបីក្នុងស្ថានភាពក្នុងវិបត្តិកូវីដ-១៩ ក្ដី។ បើតាមប្រសាសន៍របស់ អភិបាលខេត្ត លោក ជាវ តាយ បានឱ្យដឹងថា គម្រោងអភិវឌ្ឍ នេះ ជាការវិនិយោគរួមរវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន គឺរដ្ឋទទួលបាន ៤០ភាគរយ មានផ្ទៃដី ៨០ហិកតា និងក្រុមហ៊ុនទទួលបាន ៦០ភាគរយ មានផ្ទៃដី ១២០ហិកតា។
គម្រោងនេះ ស្ថិតនៅលើផ្លូវជាតិចេញពីក្រុងកំពត ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដែលមានចម្ងាយត្រឹម ៧០០ម៉ែត្រ ប៉ុណ្ណោះ នឹងដល់ច្រកចូលរមណីយដ្ឋានភ្នំបូកគោ ហើយបើគិតពីរាជធានីភ្នំពេញ គម្រោងនេះមានចម្ងាយប្រមាណ ១៥៥គីឡូម៉ែត្រ។ បើតាមការថ្លែងរបស់ លោក ជាវ តាយ ដែលបានប្រាប់គេហទំព័រអចលនទ្រព្យអាស៊ី បានបញ្ជាក់ «គម្រោងនេះវិនិយោគដោយក្រុមហ៊ុនចិនដ៏ធំមួយ ដែលគ្រោងចំណាយទុនរហូតដល់ ២៣ពាន់លានដុល្លារ»។
លោក អភិបាលខេត្តបានថ្លែងប្រាប់គេហទំព័រខាងលើបន្តថា គម្រោងនេះមានឈ្មោះថា «French Riviera Marina» ដែលជាគម្រោងមួយចូលរួមដើម្បីអភិវឌ្ឍខេត្តកំពត និងខេត្តកែប ដែលនៅជិតគ្នានេះឱ្យក្លាយជាតំបន់មួយ ដែលមានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍលំនៅឋាន ផ្សារទំនើប កំពង់ផែ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។
បើតាមគេហទំព័រនេះ បានស្រង់សំដី ប្រធានផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន Pallas Group ថា ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍នៅខេត្តកំពត និងនៅខេត្តកែប ដើម្បីធ្វើជាតំបន់រស់នៅ តំបន់ធុរកិច្ច និងតំបន់ទេសចរណ៍ និងអគារលំហែកាយ ដូចជាស្ទូឌីយោខ្សែភាពយន្ត មជ្ឈមណ្ឌលជិះសេះជាដើម ដែលរាជរដ្ឋាភិបាលអនុញ្ញាត កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២ ហើយការសាងសង់នឹងចាប់ផ្តើមក្នុងខែមីនាឆ្នាំ២០២២។
ក្រុមហ៊ុន នឹងវិនិយោគនៅខេត្តកំពត លើផ្ទៃដីចំនួន ៤១៥៨ហិកតា និងនៅខេត្តកែប លើផ្ទៃដីចំនួន ១៤៤ហិកតា។ បើតាមឯកសាររបស់របស់ក្រុមហ៊ុន Pallas Group៕
ដោយ៖ Moeun Dyna