Register Already an agent ? Login

គម្រោងធ្វើផ្លូវប្រវែងប្រមាណ ៧០គីឡូម៉ែត្រ ពីខេត្តសៀមរាបទៅបាត់ដំបងឆ្លងកាត់ទន្លេសាបកំពង់សិក្សា

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវថ្មី ប្រវែងប្រមាណ ៧០គីឡូម៉ែត្រ ចេញពីខេត្តសៀមរាបតភ្ជាប់ទៅខេត្តបាត់ដំបង ដោយឆ្លងកាត់បឹងទន្លេសាប កំពុងសិក្សានៅឡើយ។ បើតាមការថ្លែងឱ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បន្តថា ដែលសិក្សាដោយ ក្រុមហ៊ុនចិន និងក្រុមហ៊ុនមួយចំនួនទៀត ប៉ុន្តែលទ្ឋផលសិក្សាផ្លូវការ មិនទាន់បញ្ចេញលំអិតបាននៅឡើយទេ។

លោក វ៉ាស៊ីម សូរិយា បានថ្លែងបន្តទៀតថា គម្រោងនេះស្ថិតក្នុងផែនការអាទិភាព ព្រោះ លោក រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញការងារនេះឱ្យបានលឿនណាស់ ប៉ុន្តែ ក្រុមអ្នកបរិស្ថានបានជំទាស់។ ហើយការសាងសង់ស្ពាន មិនមានផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរនោះទេ បើការសាងសង់មានសរសេរគម្លាតគ្នាឆ្ងាយ វាមិនប៉ះពាល់ដល់លំហូរទឹកនោះទេ។

ផ្លូវដ៏សំខាន់នេះមានគោលដៅ សម្រួលដល់ការដឹកជញ្ជូន ជួយផ្តល់លំហូរទេសចរណ៍រវាងប៉ូលសេដ្ឋកិច្ចធំពីរ គឺសៀមរាប និងបាត់ដំបង ដោយមិនចាំបាច់ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ព្រោះបើឆ្លងកាត់ខេត្តនេះ ភ្ញៀវអន្តរជាតិនឹងចូលទៅកាន់ទីក្រុងបាងកង។ បើតាមការបន្ថែមរបស់ មន្រ្តីជាន់ខ្ពស់ក្រសួងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា ថា ផ្លូវនេះជួយឱ្យមានលំហូរពលកម្មពីខេត្តបាត់ដំបងមកកាន់ខេត្តសៀមរាប ព្រោះខេត្តបាត់ដំបងមានមនុស្សរស់នៅច្រើន ជាងខេត្តសៀមរាប។ ជាមួយគ្នា បង្កើតឱ្យមានមជ្ឈមណ្ឌលទេសចរណ៍មួយ នៅកណ្តាលទន្លេសាប ដោយសារផ្លួវនេះមានស្ពានដ៏វែងឆ្លងកាត់ទន្លេសាប។

គម្រោងសាងសង់ស្ពាននេះ ពេលវេលាមិនអាចកំណត់ថាថ្ងៃណាបាននៅឡើយទេ ប៉ុន្តែក្រោយការសិក្សាចប់ គម្រោងនេះអាចឱ្យក្រុមហ៊ុនឯកជនដាក់ដេញថ្លៃសាងសង់ ឬជាថវិការបស់រដ្ឋាភិបាល មិនទាន់ដឹងពិតប្រាកដនៅឡើយទេ។ បើតាមបន្ថែមទៀតរបស់ លោក នាំពាក្យដដែល បន្ថែមទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញមហិច្ឆតាដ៏ធំ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

ដោយ៖ Moeun  Dyna