ភ្នំពេញ៖ ក្រុមហ៊ុន KrisEnergy គ្រោងនាំចេញប្រេងឆៅពីកម្ពុជាបរិមាណ ចន្លោះពី ២៧៥ ០០០ប៉ារ៉ែល ទៅ៣០០ ០០០ប៉ារ៉ែល ទៅកាន់ទីផ្សារអន្តរជាតិនៅខែឧសភា នេះ ដែលផលិតចេញពីអណ្ដូងអប្សារា។ បើតាមការថ្លែងឱ្យដឹងពីលោក ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។
លោក ជៀប សួរ បានថ្លែងបន្តថា បច្ចុប្បន្នក្រសួង កំពុងពិនិត្យជាមួយក្រុមហ៊ុន KrisEnergy អំពីការស្នើសុំទិញប្រេងលើកទី១ ពីកម្ពុជា។
អណ្តូងប្រេងចំនួន៥ ក្នុងប្លុក A នៃតំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញជាបន្តបន្ទាប់ ដោយទទួលបានប្រមាណ ២០០០បារ៉ែលប៉ុណ្ណោះក្នុង ១ថ្ងៃ ដែលទាបជាងការរំពឹងទុក ប្រមាណ ៧ ៥០០បារ៉ែល ក្នុងមួយថ្ងៃ។ បើតាមការថ្លែងបន្តរបស់ លោក ជៀប សួរ បានបញ្ជាក់ថា «ប្រជាពលរដ្ឋយល់ច្រឡំថា ហេតុអ្វីតិចខ្លាំង ព្រោះក្រុមហ៊ុនក៏ដូចជារដ្ឋាភិបាលធ្លាប់បានបញ្ជាក់ច្បាស់ហើយថា ប្រេងដំណាក់កាលដំបូង គឺមិនមានច្រើនទេ ហើយក៏មិនរំពឹងថានឹងផ្តល់ចំណូលថវិកាជាតិធំធេងដែរ»។
លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានលើកឡើងថា រដ្ឋាភិបាល និងក្រសួងជំនាញបានដឹងច្បាស់ណាស់ពីបញ្ហានេះ ដូច្នេះហើយ ទើបកន្លងមក គ្រប់សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញ បានបញ្ជាក់ច្បាស់ថា ដំណក់ប្រេងដំបូង គឺមិនមានច្រើនទេ ហើយក៏មិនរំពឹងថានឹងផ្តល់ចំណូលថវិកាជាតិធំធេងដែលអាចនឹងកែប្រែទំហំសេដ្ឋកិច្ចកម្ពុជានៅពេលបច្ចុប្បន្ន ក៏ដូចជាអនាគតក្នុងរយៈពេលខ្លីបានដែរ។
លោក បញ្ជាក់ ផ្អែកលើមូលដ្ឋាននៃផលិតភាពអណ្តូងប្រេងទាំង ៥ នៅពេលនេះ សមត្ថភាពផលិតកម្មនៃអណ្តូងនីមួយៗ មិនខុសគ្នាខ្លាំងពីអ្វីដែលក្រុមហ៊ុន Chevron ដែលបានចំណាយពេល១០ឆ្នាំ ដើម្បីរុករកប្រេងនៅកម្ពុជា បានវាយតម្លៃកន្លងមកនោះទេ។
សូមបញ្ជាក់ថា នៅមុនពេលចាកចេញ ក្រុមហ៊ុន Chevron បានរៀបផែនការផលិតកម្មដំណក់ប្រេងដំបូងក្នុងកម្រិតប្រមាណ ៧ ៥០០ បារែល ក្នុងមួយថ្ងៃ ដោយប្រើអណ្តូងប្រេងចំនួន ២២អណ្តូង។ ក្រោយពេល Chevron ចាកចេញ ក្រុមហ៊ុនសឹង្ហបុរី KrisEnergy ដែលទទួលបន្ត បានរៀបចំផែនការផលិតកម្មរបស់ខ្លួនពីដំបូង ដោយប្រើអណ្តូងប្រេងចំនួន ២០ (តិចជាង Chevron ២អណ្តូង) ។
ក្រោយមានវិបត្តិហិរញ្ញវត្ថុនៅក្រុមហ៊ុនមេរបស់ខ្លួន និងបញ្ហាកូវីដ១៩ ក្រុមហ៊ុន KrisEnergy ក៏បានប្តូរផែនការមកប្រើអណ្តូងប្រេងសាកល្បងដំបូងចំនួនតែ ៥អណ្តូងវិញ ដើម្បីតេស្តបញ្ជាក់សមត្ថភាពវិស្វកម្មនៃជម្រកអាងស្តុករ៉ែប្រេងខាងក្រោមដី។
គូររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy តាំងពីឆ្នាំ២០១៧។ ក្រុមហ៊ុនមួយនេះ គ្រោងអភិវឌ្ឍការបូមប្រេងឆៅជា ៣ដំណាក់កាល ដោយដំណាក់កាលទី១ផ្តើមនៅតំបន់អប្សារា ដែលមានអណ្តូងសរុប៨៥ ក៏ប៉ុន្តែ ក្រុមហ៊ុនបានយកដំណក់ប្រេងដំបូងទៅលើអណ្តូងចំនួន៥ ជាការចាប់ផ្តើមដំបូងសិន។ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាប្រកាសចាប់ផ្តើមផលិតដំណក់ប្រេងដំបូងរបស់ខ្លួន ដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី៕
ដោយ៖ Moeun Dyna