កោះកុង៖ គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រ ខេត្តកោះកុងបានបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ បើតាមការថ្លែងឱ្យដឹងពី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លោក អន ដាវុធ បានបន្តថា កំពង់ផែថ្មីនេះ គឺជាប្រភេទបេតុងដែលមានប្រវែង ៦៩ម៉ែត្រ និងទទឹង ៦,៥ម៉ែត្រ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ១.៥លានដុល្លារ ដោយប្រើប្រាស់រយៈពេល ២ឆ្នាំ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២២ខាងមុខ។ បើតាមការបន្តរបស់ អន ដាវុធ ឱ្យដឹងថា ក្នុងគម្រោងនេះក៏មានសង់ស្ពានបេតុងទៅកំពង់ផែដែលមានប្រវែង ២៨ម៉ែត្រ និងទទឹង ៨ម៉ែត្រចំនួន ២។ លោក បានបញ្ជាក់ កំពង់ផែថ្មីនេះ នឹងជំនួសឱ្យកំពង់ផែចាស់ដែលមានសភាពទ្រុឌទ្រោមយូរមកហើយ។
តាមរបាយការណ៍សង្ខេបរបស់ក្រសួងសាធារណការ និងដឹកជញ្ចូនបានលើកឡើងថា ផែសមុទ្រថ្មីសន្លាងនេះ នឹងសម្រួលដល់ប្រព័ន្ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ព្រមទាំងពហុវិស័យតាមដៃព្រែកកោះប៉ោ ក្រុងខេមរភូមិន្ទ ជំនួសឱ្យផែចាស់រក្សាទុកនៅកន្លែងដដែលមានសភាពទ្រុឌទ្រោមយូរឆ្នាំមកហើយ។
សូមជំរាបថា ខេត្តកោះកុងជាខេត្តមួយជាប់សមុទ្រ នឹងជាទីប្រជុំកោះ ដែលមានក្រុងខេមរភូមិន្ទជាទីរួមខេត្ត នឹងស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា។ ហើយក៏ជាខេត្តមួយដែលប្រកបទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃ តំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រលាញ់ដំណើរកំសាន្តបែបផ្សងព្រេងផងដែរ។
ក្នុងនោះ តំបន់អេកូទេសចរណ៍អារ៉ែង និងជីផាត់គឺជាតំបន់ពីរដែលមានសក្តានុពលខ្លាំងជាងគេ ដោយសារមានព្រៃភ្នំ ទឹកជ្រោះ និងវត្ថុបុរាណជាដើម។ ក្រឡេកមកមើលក្រុងខេមរភូមិន្ទវិញ ដែលជាអតីតស្រុកស្មាច់មានជ័យនោះ នៅពេលនេះត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះមកពិនិត្យគម្រោងសាងសង់កំពង់ផែទេសចរណ៍ ជាមួយនឹងទីតាំងដែលមានសក្តានុពល ដើម្បីបង្កើនទេសចរណ៍ផង ផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ ក្នុងតំបន់ និងទៅកាន់ក្រៅប្រទេសផងដែរ។
គម្រោងសាងសង់កំពង់ផែទេសចរណ៍ក្រុងខេមរៈភូមិន្ទ នឹងផ្តល់ជាផលប្រយោជន៍ ក៏ដូចជាកាន់តែធ្វើឱ្យខេត្តកោះកុង មានសក្តានុពល ជាពិសេសនោះ នឹងក្លាយជាចលកសម្រាប់ជម្រុញកំណើននៃវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងការងារដឹកជញ្ជូនគ្រប់ប្រភេទរបស់ខេត្តអោយកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ជាមួយបណ្តាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា និងប្រទេសជិតខាងផងដែរ។
គូសបញ្ជាក់ថា កំពង់ផែដឹកជញ្ចូនទំនិញចាស់ស្ថិតនៅទល់មុខអគារមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្ត ធ្លាប់បានកែលម្អចំនួន៣ដងរួចមកហើយ ដើមឡើយជាផែឈើ ក្រោយថ្ងៃរំដោះសង្រ្គាម ការធ្វើចរាចរណ៍ដឹកទំនិញចេញចូលពុំអាចធ្វើតាមផ្លូវគោកបាន ដូច្នេះការដឹកជញ្ជូនទំនិញមានភាពមមាញឹក។ ក្រោយមកទៀត ក៏មានការសម្រេចសាងសង់ផែថ្មីធ្វើអំពីបេតុងដែលមានប្រវែង ២១.២ម៉ែត្រ និងទទឹង១១ម៉ែត្រ រាងជាអក្សរT ក្នុងឆ្នាំ១៩៨៤។
៥ឆ្នាំក្រោយមក ព្រោះតែសេដ្ឋកិច្ចមានការរីកចម្រើនខ្លាំង ទាំងការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរកម្សាន្ត ឬធ្វើដំណើរទៅខេត្តព្រះសីហនុ ឬរាជធានីភ្នំពេញ។ គណកម្មាធិការប្រជាជនបដិវត្ថន៍ខេត្ត និងមន្ទីរគមនាគមន៍និងប្រៃសណីយ៍សម្រេចសាងសង់ផែបេតុងថ្មីទៀត ដោយបន្តពីផែចាស់មានទទឹង១១ម៉ែត្រនិងបណ្តោយ៣០ម៉ែត្រនៅឆ្នាំ១៩៨៩ ដោយក្រុមហ៊ុនBMC វៀតណាមជាអ្នកទទួលម៉ៅការសាងសង់។ លុះដល់ឆ្នាំ១៩៩១ ទើបសម្រេចរួចរាល់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះរហូតមកដល់សព្វថ្ងៃគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង៕
ដោយ៖ Moeun Dyna