Register Already an agent ? Login

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ បានចាប់ផ្តើមក្រាលបេតុងហើយ

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានបង្ហាញពីរូបរាងបណ្តើរៗនៃផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ត្រូវបានចាប់ផ្តើមក្រាលបេតុងហើយ។ បើតាមទំព័រហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី១០ ឧសភានេះ។

កៅស៊ូបេតុងនេះ ជាប្រភេទកៅស៊ូជាប់បានល្អ ឬហៅថា ATB-25 ដោយការងារបានចាប់ផ្ដើមក្រោយ វិស្វករបញ្ចប់ការក្រាលផ្នែកសាកល្បងជាស្ថាពរកាលពីខែមីនា កន្លងទៅ។ បើតាមទំព័រហ្វេសប៊ុកខាលើ មិនបានបញ្ជាក់ពីវឌ្ឍនភាពគម្រោងទេ តែបើយោងតាមតួលេខចុងក្រោយបង្អស់ គម្រោងសម្រេចបានប្រមាណពី ៤០ភាគរយ ទៅ ៥០ភាគរយ។

បើតាមមន្រ្តីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សុរិយា កាលពីដើមខែមីនា ឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះ ក្រុមការងារនឹងបញ្ចប់ការសាងសង់តាមការគ្រោងទុក។

ផ្លូវនេះ តភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពោលគឺឆ្លងកាត់រាជធានីភ្នំពេញ (ប្រវែង ៨,៣០គីឡូម៉ែត្រ) ខេត្តកណ្តាល (ប្រវែង ៩,១០គីឡូម៉ែត្រ) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គីឡូម៉ែត្រ) ខេត្តកោះកុង (ប្រវែង ១,៩២គីឡូម៉ែត្រ) និងខេត្តព្រះសីហនុ (ប្រវែង ៨៩,៨៩គីឡូម៉ែត្រ)។ បើតាមអ្នកនាំពាក្យក្រសួងដដែល។

អ្នកនាំពាក្យក្រសួងរូបនេះ បានថ្លកែងបន្តថា ផ្លូវនេះមានទទឹងតួសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រ ទៅ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

«ដំណើរការសាងសង់គម្រោងនេះ នៅតែបន្តដោយរលូន ទោះមានការបិទខ្ទប់ និងវិបត្តិកូវីដក្ដី»។ បើតាមការបញ្ជាក់របស់ លោក វ៉ាស៊ីម សុរិយា បានថ្លែងបន្តទៀតថា ដំណើរការសាងសង់គម្រោងធំៗរបស់រដ្ឋ ដូចជាស្ពាន ថ្នល់ ប្រព័ន្ធលូបង្ហូរទឹក និងចម្រោះទឹកកខ្វក់នានា នៅតែបន្តតាមផែនការ ទោះបីទីតាំងមួយចំនួនស្ថិតក្នុងវិធានការបិទខ្ទប់ក្ដី។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ប្រាស់ថវិកាវិនិយោគប្រមាណជិត ២ពាន់លានដុល្លារ និងប្រើប្រាស់ថវិកាបដិភាគ ដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលចិន ប្រមាណ ១៥០លានដុល្លារ ដែលត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕

ដោយ៖ Moeun  Dyna