Register Already an agent ? Login

ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៥០ភាគរយ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ គ្រោងបញ្ចប់ខែកញ្ញា ឆ្នាំ២០២២

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួល ផ្លូវក្រវ៉ាត់ក្រុងទី៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ បើតាមការឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងដឹកជញ្ជូន បានបញ្ជាក់ថា ដំណើរការសាងសង់នៅតែបន្ត បើទោះបីមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ក៏ដោយ បច្ចុប្បន្នផ្លូវនេះសម្រចបាន ៥០ភាគរយហើយ។

លោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ នេះក៏តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ ធំនិងទំនើបមួយ បម្រើឲ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះ បានបន្តថា ផ្លូវនេះ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតផែកុងតេន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

ផ្លូវក្រវ៉ាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារ ដែលជាកម្ចីពីប្រទេសចិន។ បើតាមការបន្ថែមរបស់ លោក ហ៊ាង សុទ្ធាយុត្តិ។

លោក បញ្ជាក់ ទន្ទឹមនឹងនេះ ផ្លូវក្រវាត់ក្រុងទី៣ នេះ ក៏នឹងជួយសម្រួលការដឹកជញ្ជូន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ ហើយពិសេសបំផុតគឺប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្មដ៏មានសក្តានុពលផងដែរ។

សូមរម្លឹកថា ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ បានបើកការដ្ឋានកាលពីថ្ងៃទី១៤ មករា ២០១៩ ដែលសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏កំពុងសិក្សាផ្លូវប្រវាត់ក្រុងទី៤ ដែលនឹងមានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង៕

ដោយ៖ Moeun  Dyna