Register Already an agent ? Login

អភិបាលខេត្តមណ្ឌលគិរី ស្នើម្ចាស់ដីសម្បទានសេដ្ឋកិច្ចទាំងអស់ ធ្វើផ្លូវ ឬរបងជុំវិញដី ដើម្បីជៀសវាងមានការកាប់ទន្រ្ទានយកដី

ខេត្តមណ្ឌលគិរី៖ ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ស្នើបណ្តាក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវធ្វើរបង ឬធ្វើផ្លូវព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចដែលបានវិនិយោគឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងមានការចូលកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិពីបុគ្គលមួយចំនួន។

ការណែនាំរបស់ លោក អភិបាលខេត្តមណ្ឌលគិរីខាងលើ នៅក្នុងជំនួបពិភាក្សាជាមួយ ក្រុមអភិវភិឌ្ឍន៍នានាក្នុងខេត្ត ជាពិសេស ក៏សូមឱ្យក្រុមហ៊ុននីមួយៗ ត្រូវគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

បន្ថែមលើសនេះ លោក អភិបាលខេត្ត ក៏បានណែនាំដល់សមត្ថកិច្ច និងអាជាធរដែនដី ត្រូវសហការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តមណ្ឌលគិរីបច្ចុប្បន្ន ក៏កំពុងតែធ្វើការយ៉ាងសកម្មបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីនេះ។

នៅឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងប្រមាណ ៥៥០នាក់ ដើម្បីចុះពិនិត្យ និងវាស់វែង ក៏ដូចជារឹតបន្តឹងការអនុវត្តច្បាប់ លើករណីទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរីនេះផងដែរ។

បើតាមការវិភាគរបស់អ្នកជំនាញអចលនទ្រព្យ ខេត្តមណ្ឌលគិរី ជាទិសដៅវិនិយោគសក្ដានុពលមួយសម្រាប់អ្នកវិនិយោគិន ប៉ុន្តែមានលក្ខណៈប្រថុយប្រថានខ្ពស់នានាពេលបច្ចុប្បន្ន។ លោក បានបន្តថា ប៉ុន្តែ ជាមួយនឹងការរៀបវាស់វែង និងរៀបចំផែនការប្រើប្រាស់ដីនៅមណ្ឌលគិរីនេះ សង្ឃឹមថានឹងជួយជំរុញសក្ដានុពលអចលនទ្រព្យខេត្តនេះ បានមួយកម្រិតទៀត។

លោកបានបន្តទៀតថា នៅមណ្ឌលគិរីមានសក្ដានុពលខ្លាំងលើអេកូទេសចរណ៍ ក៏ប៉ុន្តែគឺត្រូវការពេលប្រមាណ ១ ទៅ ៥ឆ្នាំ ទើបដីរៀបចំស្រួលបួល។ តែបើចាំដល់ពេលនោះ ទើបវិនិយោគ ដីគឺអាចឡើងថ្លៃអស់ហើយ។

លោក ក៏បានបង្ហើមទៀតថា ដោយសារតែភាពមិនច្បាស់លាស់ និងបញ្ហាដីរដ្ឋនេះហើយ ទើបធ្វើឱ្យតម្លៃដីនៅខេត្តមួយនេះនៅទាប ហើយអ្នកវិនិយោគលើដីងាយស្រួលទាញផលប្រយោជន៍ពីវា ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្លាំង៕

ដោយ៖ Moeun Dyna