មណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិសាស្រ្តស្រុកកែវសីមា មានប្រវែង ៤.៣៨០ម៉ែត្រ។ បើតាមរដ្ឋបាលខេត្តមណ្ឌលគិរី។
កំណាត់ផ្លូវជាតិលេខ៧៦A ដែលរងការខូចខាតជាង ៤គីឡូម៉ែត្រ ត្រូវបានអាជ្ញាធរខេត្ត ជួសជុលឡើងវិញ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ សម្រាប់បម្រើសេចក្តីត្រូវការក្នុងខេត្តមណ្ឌលគិរី។ បើតាមរដ្ឋបាលខេត្ត បានបន្តថា ស្វាយ សំអ៊ាង បានបើកការដ្ឋានជួសជុលផ្លូវនេះ ដោយចូលរួមពីមន្រ្តីក្រោមឱវាទ ហើយនិងមន្រ្តីពាក់ព័ន្ធផងដែរ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
នៅក្នុងពិធីខាងលើ លោក ស្វាយ សំអ៊ាង ថ្លែងរម្លឹកថា ផ្លូវជាតិលេខ៧៦Aនេះ បានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១២ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលរហូតមកដល់ពេលនេះ កំណាត់ផ្លូវមួយចំនួនបានរងការខូចខាត ហើយមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ។
អភិបាលខេត្តបានបញ្ជាក់ថា ផ្លូវជាតិលេខ៧៦Aនេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តមណ្ឌលគិរី បើមិនមានការយកចិត្តទុកដាក់ថែទាំ ឬជួសជុលឲ្យបានទាន់ពេលនោះទេ វាអាចធ្វើឱ្យរាំងស្ទះដល់កិច្ចការអភិឌ្ឍន៍ស្ទើគ្រប់វិស័យរបស់ខេត្ត ជាពិសេស ដោយសារតែផលប្រយោជន៍ដែលទទួលបានពីផ្លូវជាតិមួយខ្សែនេះដ៏លើសលប់។
នាឱកាសនោះ លោក អភិបាលខេត្ត បានបញ្ជាដល់មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ត្រូវតែជួសជុលកំណាត់ផ្លូវជាតិនេះ ឱ្យមានគុណភាពខ្ពស់ ជៀសវាងការជួសជុលខាងមុខខូចខាងក្រោយ ដែលនាំឱ្យខាតបង់ថវិកាជាតិ ប៉ះពាល់ដល់ការធ្វើចរាចរណ៍ ជាពិសេសប៉ះពាល់ដល់ការប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លោក រស់ គីមធន បានថ្លែងឱ្យដឹងថា ការបើកការដ្ឋានជួសជុលនេះមានប្រវែង ៤.៣៨០ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ ៦៧+៥០០ ដល់ ៧១+៨៨០ ហើយការជួសជុលផ្លូវនេះ ជាថវិកាគម្រោងប្រចាំឆ្នាំការងារថែទាំឆ្នាំ២០២១ ដោយសារផ្លូវមានការខូចខាតធ្ងន់ធ្ងរ ទើបមន្ទីរសម្រេចជួសជុលឡើងវិញ១០០ភាគរយ ព្រោះស្ថានភាពផ្លូវចាស់ មានសភាពប៉ោងស្រុតរមួល ដែលមិនអាចថែទាំប្រចាំបានទេ៕
ដោយ៖ Moeun Dyna