កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានបេតុង (ស្ពានត្រើយកោះ) ឆ្លងកាត់ដៃព្រែកកំពតភ្ជាប់រវាងសង្កាត់ត្រើយកោះ និងសង្កាត់អណ្ដូងខ្មែរ ក្នុងក្រុងកំពត និងបានជំរុញ ដល់មន្រ្តីជំនាញបច្ចេកទេសោ្យពន្លឿនការសាងសង់ ក្នុងការដាក់ឱ្យប្រពលរដ្ឋប្រើប្រាស់។
លោក ជាវ តាយ បានថ្លែងបញ្ជាក់ថា ស្ពាននេះគឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ ពិសេសការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្រ រួមនិងទំនិញនិងសម្ភារផ្សេងៗគ្រប់សារពើ។ លោក បន្តឱ្យដឹងថា បច្ចុប្បន្ន ប្រជាពលរដ្ឋ បាននឹងកំពុងធ្វើចរាចរណ៍យ៉ាងសកម្ម លើស្ពានដែកបាឡេចាស់ដែលមានស្រាប់ដោយស្ពាននេះបានកសាងឡើងតាំងក្នុងឆ្នាំ២០០០ កន្លងទៅ ប៉ុន្តែមានសភាពទ្រុឌទ្រមបាក់បែកធ្លុះធ្លាយលើផ្ទៃស្ពានដែលបណ្ដាលឱ្យពិបាកក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់។
លោក អភិបាលខេត្តកំពតបាលថ្លែងបញ្ជាក់ទៀតថា ដោយមើលឃើញពីសារសំខាន់នៃស្ពាននិងផ្លូវថ្នល់មួយខ្សែនេះ រដ្ឋបាលខេត្តកំពត ក៏បានធ្វើគម្រោងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីកសាងស្ពានបេតុងថ្មីនេះ តាមរយៈការអនុវត្តគម្រោងសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានមន្ត្រីជំនាញសាធារណការ និងដឹកជញ្ជូនខេត្តចូលរួមផងដែរ។
ហេដ្ឋារចនាសម្ព័ន្ធ សព្វបែបយ៉ាង ពិសេសស្ពានផ្លូវ ភ្លើងអគ្គិសនី ទឹកស្អាតប្រើប្រាស់ និងធនធានមនុស្ស គឺជាគោលនយោបាយយុទ្ធសាស្ត្រ អាទិភាពដ៏មានសារសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិនិងការលើកកម្ពស់ជីវភាពកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ នេះបើតាមការលើកឡើងរនស់ អភិបាលខេត្តកំពត លោក ជាវ តាយ។
នាឱ្យកាសចុះពិត្យគម្រោងស្ពាននេះ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក អភិបាលខេត្ត បានស្នើនិងជំរុញដល់មន្រ្តីជំនាញបច្ចេកទេសឱ្យពន្លឿនការសាងសង់ នឹងបានសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្បែរសងខាងផ្លូវ នៅជិតការដ្ឋានសាងសង់ស្ពាននេះ ធ្វើយ៉ាងណាត្រូវធ្វើកិច្ចសហការជាមួយនឹងមន្ត្រី និងអ្នកពាក់ព័ន្ធឱ្យបានល្អដើម្បីជំរុញដំណើរការសាងសង់ស្ពាននេះ បានឆាប់ចប់សព្វគ្រប់នៅចុងឆ្នាំ២០២១ នេះ។
សូមបញ្ជាក់ថា គម្រោងសាងសង់សូមបញ្ជាក់ថា ស្ពាននេះ ធ្វើឡើងពីបេតុង មានបណ្ដោយ ៧៥ម៉ែត្រ ទទឹងស្ពាន ៩ម៉ែត្រ រួមនឹងផ្លូវតភ្ជាប់ក្បាលស្ពានសង្ខាងជាប្រភេទផ្លូវ កៅស៊ូមានប្រវែង សរុប៣០០ម៉ែត្រ ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះ៕
ដោយ៖ Moeun Dyna