ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួនពីរ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូបគ្រប់ប្រភេទ ក្នុងទុនវិនិយោគសរុប ១២,៦លានដុលារ ដែលមានទីតាំងនៅខេត្តកណ្ដាល និងព្រះសីហនុ។
បើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថា ក្រុមហ៊ុនទាំងពីរដែលទទួលបានការអនុម័តរួមមាន៖
១-ក្រុមហ៊ុន MCBAG CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ៣,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨១៨កន្លែង។
២-ក្រុមហ៊ុន CAMBODIAN QI MING XING JIA JU YONG PIN CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៩,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.០២២កន្លែង។
សូមបញ្ជក់ថា នៅឆ្នាំ២០២១ គិតត្រឹមដើមខែមេសានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ ២៩គម្រោង រួចមកហើយដែលរួមទាំងគម្រោងខាងលើនេះផងដែរ ទុនវិនិយោគសរុបជាង ២ពាន់លានដុល្លារ៕
ដោយ៖ Moeun Dyna