មណ្ឌលគិរី៖ ក្រុមហ៊ុន China Power International Group ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល សាងសង់ព្រលានយន្តហោះ ទីតាំងស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង លើផ្ទៃដី ៣០០ ទៅ ៦០០ហិកតា ស្ថិតក្នុងតំណាក់កាលសិក្សាលំអិតនៅឡើយ។ បើតាមការថ្លែងឱ្យដឹងពី អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានបញ្ជាក់ថា ព្រោះក្រុមហ៊ុន ត្រូវចំណាយពេលយ៉ាងហោចណាស់ ១ឆ្នាំទៀត ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋមដែលទើបតែបញ្ចប់ថ្មីៗនេះ។
របាយការណ៍សិក្សាបឋមផ្តោតតែទៅលើលក្ខណៈទូទៅនៃគម្រោង និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គម ប៉ុណ្ណោះ។ បើតាមការថ្លែងបន្តរបស់ លោក ស៊ិន ចាន់សេរីវុត្ថា ថា រយៈពេលនៃការសិក្សាលម្អិត ពិភាក្សាលើរបាយការណ៍ និងការដាក់ឆ្លងទៅរាជរដ្ឋាភិបាល អាចនឹងប្រើរយៈពេលយូររហូតដល់ទៅឆ្នាំ២០២៣។
កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមហុនខាងលើបានធ្វើបទបង្ហាញពីរបាយការណ៍សង្ខេបស្តីពី ការសិក្សាគម្រោងព្រលានយន្តហោះមណ្ឌលគិរីថ្មី និងតំបន់ឧស្សាហកម្មជាប់ព្រលាន ដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិចារណា។
នៅក្នុងថ្ងៃនោះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំប្រជុំវឌ្ឍនភាពនៃគម្រោងខាងលើ ដោយមានការចូលរួមពីក្រុម និងអ្នកពិគ្រោះយោបល់ Consultant។
លោក បារដ្ឋមន្ត្រី នផ្តល់អនុសាសន៍ ២ចំណុច ដើម្បីឱ្យរបាយការណ៍នេះកាន់តែប្រសើរឡើង ដូចជា ទី១ ត្រូវយកចិត្តទុក្ខដាក់បញ្ចូលបន្ថែម នូវសកម្មភាពអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចតំបន់ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ និងទី២ ត្រូវរកវិធីសាស្ត្រថ្មីៗ ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ ឱ្យធ្វើការហោះហើរទៅតំបន់នោះ ដូចជា ផលិតផលទេសចរណ៍ថ្មីៗ សកម្មភាពសេដ្ឋកិច្ច និងវិនិយោគថ្មី។
សូមរម្លឹកថា គម្រោងសាងសង់ព្រលានយន្តហោះនេះ បានសិក្សាតាំងពីឆ្នាំ ២០១៩ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព គ្រោងចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារ៕
ដោយ៖ Moeun Dyna