មណ្ឌលគិរី៖ ភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង អភិបាល បានដាក់បញ្ជាឱ្យអាជ្ញាធរមានសមត្ថិកិច្ច ដកហូតដីទាំងអស់នោះទុកជាដីរបស់រដ្ឋវិញ ដែលប្រជាពលរដ្ឋបានកាប់រុករានដីនៅតាមព្រំដែនយកធ្វើជាកម្មសិទ្ធិ។
លោក ស្វាយ សំអ៊ាង ដែលបានដឹកនាំមន្រ្តីក្រោមឱវាទ ចុះពិនិត្យស្ថានភាពផ្លូវតាមខ្សែបន្ទាត់ព្រំដែន កាលពីថ្ងៃទី១៧ខែមីនា ឆ្នាំ២០២១ បានដាក់បញ្ជាទៀតថា រីឯដីដើមស្រស់ដែលមានជនខិលខូចមួយចំនួនកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិនោះ មន្ទីររៀបចំដែនដីខេត្ត ត្រូវវាស់វែងឱ្យបានគ្រប់ចំនួន និងប្រគល់ឱ្យក្រុមហ៊ុនហ៊ូជីសាន្តវិញ។
លោក អភិបាលខេត្តមណ្ដលគិរី បានឱ្យផ្នែកជំនាញនៃមន្ទីរបរិស្ថានខេត្ត ដកហូតដីទាំងអស់ដែលប្រជាពលរដ្ឋមួយចំនួនបានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យកមកជាកម្មសិទ្ធិរបស់រដ្ឋវិញ។ លោក បញ្ជាក់ យើងបាន នឹងកំពុងឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តដកហូតមកជាកម្មសិទ្ធិរដ្ឋវិញ។ លើសពីនេះ អ្នកដែលបន្តរំលោភនឹងត្រូវទទួលទោសតាមច្បាប់ ដោយមិនលើកលែងឡើយ។
លោក ស្វាយ សំអ៊ាង បានសង្កត់ធ្ងន់ថា យើងក៏នឹងចាត់វិធានការក្ដៅ លើការរំលោភដីដើមស្រស់ផងដែរ ដោយបច្ចុប្បន្នកំពុងសហការជាមួយមន្ទីររៀបចំដែនដីខេត្ត ដើម្បីវាស់វែង ដកហូតដីប្រគល់ឱ្យម្ចាស់ដើមវិញ៕
ដោយ៖ Moeun Dyna