ភ្នំពេញ៖ អគារ Financial building នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង Olympia City របស់ក្រុមហ៊ុន OCIC ដែលមានតម្លៃ ៥០លានដុល្លារកំពង់ដំណើរសាងសង់ គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៤ខាងមុខនេះ។ បើតាមការថ្លែងឱ្យដឹងពី លោក ម៉េង ចំរើន ប្រធានគ្រប់គ្រងនៃគម្រោង Olympia City។
អគារ Financial building ដែលមានទីតាំងជាប់របងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា សាងសង់ឡើងជាលក្ខណៈអគារប្រើប្រាស់ចម្រុះមានដូចជា ហាងលក់ទំនិញ ភោជនីយដ្ឋាន និងមន្ទីរសម្រាកព្យាបាលជាដើម។ បើតាមការបញ្ជាក់របស់ លោក ម៉េង ចំរើន បានបន្តថា អគារនេះនឹងចែកចេញជា ២៧ល្វែង ដោយល្វែងនីមួយៗមានទទឹង ៨,២ ម៉ែត្រ បណ្តោយ ២៤ម៉ែត្រ និងមានមួយចំនួនកម្ពស់ ១០ ជាន់ និងខ្លះទៀតកម្ពស់ ៨ជាន់ ចំណែកនៅក្រោមដី ១ ជាន់ (លក្ខណៈឯកជន) និងចំនួន ២ជាន់ទៀត ប្រើប្រាស់ជាចំណតរួម។
លោក បានបន្តទៀតថា តម្រូវការទីផ្សារបានជំរុញឱ្យក្រុមហ៊ុន OCIC ធ្វើការសាងសង់អគារ Financial building ឡើង ហើយអគារនេះ នឹងមានលក្ខណពិសេស ព្រោះវាត្រូវរចនាឡើងសម្រាប់ការប្រើប្រាស់ចម្រុះ។ លោក ថា អគារ លក្ខណពិសេស ព្រោះគ្រាន់តែការសាងសង់ ក្រុមហ៊ុនគ្រោងនឹងចំណាយប្រមាណ ៥០លានដុល្លារ ខណៈតម្លៃដីមិនត្រូវបូកបញ្ចូលនោះទេ។
ក្នុងការដ្ឋានគម្រោង Olympia City ទាំងមូល បច្ចុប្បន្នមានក្រុមកម្មករប្រមាណជាង ២០០នាក់ជារៀងរាល់ថ្ងៃ។ បើតាមការបន្ថែមរបស់ ប្រធានគ្រប់គ្រងនៃគម្រោង Olympia City លោក ម៉េង ចំរើន ថា ចំនួននេះទាបជាងមុនបន្តិច ដោយសារក្រុមហ៊ុនចង់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំពុងកើនឡើងខ្ពស់នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
Olympia City គឺជាគម្រោងវិនិយោគដ៏ធំមួយរបស់ក្រុមហ៊ុន OCIC ស្ថិតនៅភាគខាងជើងនៃពហុកីឡដ្ឋានជាតិអូឡាំពិកលើផ្ទៃដីជាង ៧ហិកតា។ នៅក្នុងគម្រោងនេះមានអគារសរុប ១២ ដែលរួមមានអគារខុនដូ ផ្សារទំនើប អគារពាណិជ្ជកម្ម អគារការិយាល័យ និងសណ្ឋាគារជាដើម។
ចាប់ផ្តើមសាងសង់នៅក្នុងអំឡុងឆ្នាំ២០១២ បច្ចុប្បន្ន មានអគារខុនដូចំនួន ៤ អគារការិយាល័យចំនួន ២ សណ្ឋារគារ ចំនួន ១ សាលារៀន ចំនួន ១ និងផ្សារទំនើបចំនួន ១ បានបញ្ចប់ការសាងសង់ និងបើកដំណើរការហើយ៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ដោយ៖ Ma Dynoeun