ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ប្រមាណ ៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនកា។ បើតាមទំព័រហ្វេសប៊ុក សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។
បើតាមទំព័រហ្វេសប៊ុក សម្ដេចបានបន្តថា ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់ (Covax)។
សម្ដេច បន្តទៀតថា ក្រៅពីវ៉ាក់សាំង Sinovac ដែលទើបមកដល់ ១.៥លានដូស នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូស សម្រាប់ក្រសួងការពារជាតិ និង ៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជា នាពេលខាងមុខនេះផងដែរ៕
វ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានតម្លៃ១០ដុល្លារ ក្នុង១ដូស។ បើតាមការបញ្ជាក់ឱ្យដឹងបន្តទៀត ពីរាជរដ្ឋាភិបាលបន្ថែមថា វាមានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) នោះទេ ហើយជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល ៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល ៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព៕
ដោយ៖ Moeun Dyna