ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទីនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ បើតាមការថ្លែងរបស់ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បញ្ជាក់ថា «រងចាំពេលសមស្រប សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ»។
លោក ស៊ុន ចាន់ថុល ដែលបានដឹកនាំមន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានថ្លែងបន្តថា គម្រោងស្ពាននេះ នឹងបញ្ចប់នៅខែឧសភា ឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនសាងសង់បានបញ្ជប់មុនការគ្រោងទុក ២ខែ។ លោក ថា ដោយឡែក សម្រាប់ការសម្ពោធជាផ្លូវការ នឹងធ្វើឡើងនាពេលខាងមុខបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ដែលនៅពេលនោះក៏នឹងបើកសម្ពោធការដ្ឋានផ្លូវ៧១ C ផងដែរ។
លោក បន្តថា សាឡាដែលនៅទីតាំងនេះ នឹងបង្វែរទៅដាក់នៅខេត្តកំពង់ឆ្នាំងវិញ ដែលឆ្លងពីទីរួមខេត្តទៅស្រុកកំពង់លែង ដោយសារតែនៅទីនោះមិនទាន់មានស្ពានឆ្លងកាត់នៅឡើយ។
គួសរម្លឹកថា ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងប្រើប្រាស់រយៈពេលក្នុងសាងសង់ចំនួ ន៤២ខែ។ ការស្ថាបនាស្ពាននេះ ចំណាយថវិកាអស់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន។
ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕
ដោយ៖ Moeun Dyna