កំពង់ឆ្នាំង៖ ថ្មីៗនេះការបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គមពី គម្រោងលក់ដីឡូតិ៍ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង គ្មានលិខិតបញ្ជាក់ពីអាជ្ញាធរខេត្ត។ បើតាមការជូនដំណឺងរបស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា សូមប្រុងប្រយ័ត្នកុំមានការចាញ់បោកការឃោសនានេះ។
នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ របស់ មន្ទីររៀបចំដែនដី បានបន្តថា ទីតាំងដីឡូតិ៍នេះ ក៏ពុំទាន់មានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ទេ។ ហើយទីតាំងនេះ ក៏ស្ថិតនៅក្នុងតំបន់២ នៃអាជ្ញាធរបឹងទន្លេសាប និងសារាចរណែនាំលេខ០២ សរណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលផងដែរ។
មន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាឲ្យសាធារណជន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន កុំឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍ ឬអាចមានបញ្ហាទំនាស់ផ្សេងៗកើតឡើងដោយសារតែការផ្ដល់ព័ត៌មានមិនបានត្រឹមត្រូវច្បាស់លាស់៕
ដោយ៖ Moeun Dyna