កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាពស្ពានដែកបាឡេទ្រុឌទ្រោម មានបណ្តោយ ៤២ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ បានជំរុញឱ្យមន្ទីរជំនាញ និងរដ្ឋបាលស្រុកនេះ សិក្សាជាបន្ទាន់ឱ្យសមស្របតាមបទដ្ឋានបច្ចេកទេស។ បើតាមរដ្ឋបាលខេត្តកំពត។
រដ្ឋបាលខេត្តកំពត បានបន្តថា លោក ជាវ តាយ ជំរុញសិក្សាជាបន្ទាន់ឱ្សមស្របតាមបទដ្ឋានបច្ចេកទេស ដោយផ្តោតសំខាន់ទៅលើគ្រឿងបង្គុំស្ពានផ្នែកខាងលើ ដែលជាចំណុចសំខាន់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ទៅស្រែចម្ការ ក៏ដូចជាការដឹកជញ្ជូនកសិផល និងរថយន្តដឹកជញ្ជូន ប្រភេទធំនិងតូចផ្សេងៗយ៉ាងច្រើនទៀតជារៀងរាល់ថ្ងៃផងដែរ។
នាឱកាសនោះ លោក ជាវ តាយ ក៏បានជំរុញបន្ថែមថា ដោយសារស្ពាននេះ ត្រូវធ្វើចរាចរណ៍រាល់ថ្ងៃ អាជ្ញាធរ និងមន្រ្តីជំនាញត្រូវជួសជុលបន្ទាន់។
រដ្ឋបាលខេត្តបានរម្លឹកថា ស្ពាននេះ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០០៧ ដោយក្រុមហ៊ុនម៉ៅការសាង់សាងវារីអគ្គិសនី តភ្ជាប់ឃុំម៉ាក់ប្រាង្គ និងឃុំកំពង់គ្រែង សម្រាប់បម្រើការងារដឹកជញ្ជូនសាងសង់ទំនប់វារីអគ្គិសនីកំចាយ និងសម្រាប់ការចរាចរណ៍របស់ប្រជាពលរដ្ឋនៅតំបន់នោះ។
ក្រោយការងារសាងសង់វារីអគ្គិសនីចប់ បានប្រគល់ឱ្យអាជ្ញាធរ ជាអ្នកគ្រប់គ្រង ជួសជុល ថែទាំប្រើប្រាស់ជាសាធារណៈ៕
ដោយ៖ Moeun Dyna