ភ្នំពេញ៖ បច្ចុប្បន្ន វឌ្ឍនភាព ការចាក់ដីបំពេញ និងកសាងហេដ្ឋារចនាសម្ព័ន្ធគម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបាន ៤៥ភាគរយ បើទោះជំងឺកូវីដ-១៩ បានបន្តការឆ្លងរាលដាលរយៈពេលជាង ១ឆ្នាំ មិនបានធ្វើឱ្យផាកសកម្មភាពគម្រោងដ៏ធំនេះឡើយ។
គម្រោងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC លើផ្ទៃដីទំហំ ១២៥ហិកតា ក្រោមទុនវិនិយោគ ២,៥ពាន់លានដុល្លារ។ OCIC ចាប់ផ្តើមចាក់ដីបំពេញ បុកគ្រឹះបេតុងច្រាំងទន្លេ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងនេះតាំង ពីខែមករា ឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគម្រោងអភិវឌ្ឍន៍កោះនរាកំពុងដំណើរទៅមុខដោយរលូន ខណៈការចាក់ដីបំពេញ និងការសាងសង់ច្រាំងទន្លេនាពេលនេះសម្រេចបានប្រមាណ ៤៥ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានបន្តថា ពេលនេះក្រុមហ៊ុនមិនទាន់បើកលក់គម្រោងណាមួយទេ ដោយក្រុមហ៊ុនផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធតែប៉ុណ្ណោះ។
បើតាម លោក ទូច សំណាង ដែលបានប្រាប់កាសែត ភ្នំពេញប៉ុស្ត៍ កាលពីថ្មីៗនេះថា សម្រាប់ការកំណត់ថានឹងមានសំណង់ធំៗចំនួនប៉ុន្មានក្នុងគម្រោងនេះ គឺក្រុមហ៊ុន OCIC មិនទាន់អាចកំណត់បានទេ ដោយអ្វីៗវានឹងអាស្រ័យទៅលើកំណើនសេដ្ឋកិច្ច និងការចូលមកបណ្តាក់ទុនរបស់វិនិយោគិនជាក់ស្តែង គឺវាអាចប្រហាក់ប្រហែលនឹងគម្រោងក្រុងរណបកោះពេជ្រដែលរហូតមកដល់ពេលនេះមានការសាងសង់សំណង់ធំៗ និងខ្ពស់ៗជាបន្តបន្ទាប់។
លោក បញ្ចាក់ «នៅពេលសាងសង់រួច កោះនរានឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងកន្លែងរស់នៅប្រណីតមួយនៅភ្នំពេញ ដែលរួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សួនច្បារសាធារណៈ រោងមហោស្រពលំនៅឋានប្រណីតៗ និងធនាគារជាដើម»។
បើតាមកាសែតដដែល បានស្រង់សំដី អគ្គនាយកក្រុមហ៊ុន OCIC លោក ពុង ឃាវសែ ក្នុងពេលបើកការដ្ឋានសាងសង់ស្ពាន ២ខ្សែភ្ជាប់ ទៅកោះនរាកាលពី ខែតុលា ឆ្នាំ២០២០ ដូច្នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍកោះនរានេះក្រុមហ៊ុន គ្រោងនឹងចំណាយប្រាក់ប្រមាណ ៥៥០លានដុល្លារ។ លោក ថា គម្រោងនេះ នឹងប្រើកម្លាំងពលកម្ម ៧ ០០០នាក់ នៅពេលសាងសង់ពេញលេញ៕
ដោយ៖ Moeun Dyna