ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងបង្កើតឧទ្យាជាតិនៅបឹងតាមោក ឬទំនប់កប់ស្រូវ គ្រោងដាំកូនឈើចម្រុះប្រមាណ ១០ម៉ឺនដើម ហើយក៏មានការរៀបចំជាសួនកម្សាន្តសម្រាប់ ការលំហែរបស់ប្រជាពលរដ្ឋផងដែរ នៅលើផ្ទៃប្រមាណ ៧៥ហិកតា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បើតាមការថ្លែងឱ្យដឹងពី លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេងបាន ថ្លែងបន្តថា ឧទ្យានជាតិដែលមានផ្ទៃដី ៧៥ហិកតា ជាគំនិតផ្តួចផ្តើម និងការចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យមានភាពស្រស់បំព្រងមានជម្រកពណ៌បៃតងមានបរិស្ថានល្អ និងដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
លោក អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា ពេលនេះយើងបានចាក់ដីលុបបំពេញ និងព័ទ្ធទីតាំងគម្រោងដែលនឹងត្រូវរៀបចំបង្កើតឧទ្យានជាតិ ប៉ុន្តែនៅមិនទាន់អាចកំណត់ពេលវេលាជាក់លាក់ ក្នុងការចាប់បើកការដ្ឋាននៅឡើយនោះទេ ដោយសារតែបញ្ហានៃជំងឺកូវីដ-១៩ កំពុងរាតត្បាត។ លោក ថា ពេលនេះត្រូវប្រយុទ្ធជាមួយកូវីដ ហើយត្រៀមថវិកាសម្រាប់ប្រើប្រាស់បន្ទាន់ ក្នុងការអនុវត្តជាក់ស្ដែងទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងកូវីដសិន។
នៅក្នុងការរៀបចំបង្កើតជាឧទ្យានជាតិដ៏ធំប្រចាំរាជធានីភ្នំពេញមួយនេះ ក៏មានការរៀបចំបង្កើតជាសួនច្បារ នៃពិភពបៃតងផងដែរ ដោយមានការត្រៀមកូនឈើ សម្រាប់ដាំនៅក្នុងបរិវេណចំនួន ១០ម៉ឺនដើម ហើយបច្ចុប្បន្នកូនឈើ ដែលត្រៀមដាក់ដាំក៏ដុះលូតលាស់ល្អធំៗរួចរាល់ហើយដែរ ពោលគឺនៅរង់ចាំតែពេលចាប់អនុវត្តន៍តែប៉ុណ្ណោះ។ បើតមាការបញ្ជាក់របស់ លោក ឃួង ស្រេង។
លោក បានបន្ថែមថា ការដាំដើមឈើ ជាការរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យរាជធានីភ្នំពេញ មានភាពស្រស់ស្អាត ជាទីក្រុងបៃតង និងទទួលបាននូវការទាក់ទាញ៕
ដោយ៖ Moeun Dyna