ភ្នំពេញ៖ ជប៉ុនផ្តល់ថវិកា ៨៥២,១៨៩ដុល្លារ ដើម្បីការលើកកម្ពស់សុខភាព និងអនាម័យសហគមន៍ និងសម្រាប់ការបង្កើនការយល់ដឹងអំពីបញ្ហាបរិស្ថាន ជាជំនួយឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួនពីរ។ បើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតជប៉ុនថ្ងៃទី៩ ខែមីនានេះ។
សេចក្ដីជូនដំណឹងរបស់ស្ថានទូនជប៉ុនប្រចាំកម្ពុជា បានបន្តថា ក្នុងនោះ ថវិកា ៧៦០,៣៤១ដុល្លារ ត្រូវបានផ្តល់ទៅអង្គការ World Vision Japan (WVJ) ដើម្បីអនុវត្តគម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ (ឆ្នាំទី២)។
ស្ថានទូតបានបន្តទៀតថា ថវិកា ៩១,៨៤៨ដុល្លារ ទៀត ត្រូវបានផ្តល់ទៅអង្គការ Nature Center Risen ដើម្បីអនុវត្តគម្រោងការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី១)។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ បើតាមការការន្ថែមរបស់ស្ថានទូត បញ្ជាក់ «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ»។
សូមរម្លឹកថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាល បានចាប់ផ្ដើមនៅប្រទែសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គភាពក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។
ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្ដល់ថិកាជាង ៤៥លានដុល្លារ ដល់គម្រោងចំនួន ១៣៨ ដែលផ្ដោយសំខាន់ទៅលើវិស័យអប់រំនៅមូលដ្ឋាន វិស័យសុខាភិបាល កសិកម្ម និងសកម្មនភាពបោសសំអាតមីនក្នុងប្រទេសកម្ពុជា៕
ដោយ៖ Moeun Dyna