ភ្នំពេញ៖ ការរីករាលដាលជំងឺកូវីដ-១៩ មិនបានធ្វើឱ្យតម្លៃដីនៅតាមផ្លូវក្រវាត់ក្រុងទី៣ ជាប់នៅទ្រឹងទេ ដោយតម្លៃដីជាប់ផ្លូវនាពេលនេះបានកើនក្នុងរង្វង់ ១៥-២០ភាគរយ។ បើតាមការបញ្ជាក់ របស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក បន្តថា បច្ចុប្បន្ន នៅតាមផ្លូវនេះគេសង្កេតឃើញមានគម្រោងមួយចំនួនកំពុងចាប់ផ្តើមអភិវឌ្ឍ ដែលមានដូចជា លំនៅឋាន កន្លែងលក់ទំនិញ តំបន់ឧស្សាហកម្ម រោងចក្រ និងឃ្លាំងស្តុកទំនិញ ជាដើម។
ការកើនឡើងតម្លៃពេលនេះ គឺបន្ទាប់ពីសកម្មភាពនៃការសាងសង់ផ្លូវបានលេចចេញជារូបរាង និងគេអាចធ្វើចរាចរណ៍បានជាបណ្តើរៗហើយ។ បើតាមការបន្តរបស់អ្នកជំនាញដដែល លោក ថា តម្លៃដីតាមផ្លូវក្រវាត់ក្រុងទី៣ បានកើនឡើងខ្ពស់កាលពីឆ្នាំ២០២០ ដោយកន្លែងខ្លះកើនឡើងទ្វេដងធៀបទៅនឹងចុងឆ្នាំ២០១៩ ការកើនឡើងនេះ គឺកើតមាននៅគ្រប់ទីតាំងទាំងអស់ គ្រាន់តែដីនៅជាប់ផ្លូវ និងមានទំហំក្រោម ១ហិកតា មានអត្រាកំណើនខ្ពស់ជាងគេ។
បើតាមអ្នកជំនាញអចលនទ្រព្យបានពន្យល់ដូច្នេះថា ដោយវាជាផ្លូវមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហេតុនេះការកសាងផ្លូវថ្មី គឺមានឥទ្ធិពលខ្លាំងទៅលើតម្លៃដី។ សម្រាប់តម្លៃអចលនទ្រព្យនៅតាមផ្លូវបែបនេះ គេអាចធ្វើការបែងចែកជាដំណាក់កាលសំខាន់ៗចំនួន ៣រួមមាន ការប្រកាសពីគម្រោងសាងសង់ ការចាប់ផ្តើមសាងសង់ និងនៅពេលសាងសង់ចប់រួចរាល់។ លោក បញ្ជាក់ទៀត «នៅគ្រប់ដំណាក់កាលនីមួយៗសុទ្ធតែធ្វើឱ្យតម្លៃដីកើនឡើងទ្វេដង»។
ទោះយ៉ាងណា អ្នកជំនាញក្នុងវិស័យអចលន បានលើកឡើងថា តម្លៃអចលនទ្រព្យនៅបណ្តោយផ្លូវក្រវាត់ក្រុងទី៣ មិនបានឡើងខ្ពស់ទេក្នុងឆ្នាំ២០២១ ដោយកើនប្រមាណ ៥ភាគរយប៉ុណ្ណោះ។ លោក ថា សម្រាប់ខ្ញុំតម្លៃដីធ្លីនៅតាមផ្លូវនោះកើនឡើងតិចតួចតែប៉ុណ្ណោះនៅក្នុងរយៈពេល ១ឆ្នាំមកនេះ កើនតម្លៃតិចតួចនេះ គឺដោយសារតែតម្លៃដីបានកើនខ្ពស់រួចហើយមុនមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
ផ្លូវនេះត្រូវរំពឹងថា នឹងចូលរួមចំណែកច្រើនក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់។ បើតាការបន្ថែមរបស់អ្នកជំនាញដដែល។
ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាគម្រោងដ៏ធំមួយទៀត ក្រៅពីគម្រោងព្រលានយន្តហោះអន្តរជាតិនៅក្នុងខេត្ត សម្រាប់ការទាក់ទាញអ្នកវិនិយោគឱ្យចូលមកវិនិយោគលើវិស័យជាច្រើន ជាពិសេសវិស័យអចលនទ្រព្យរួមមាន ការអភិវឌ្ឍលើវិស័យលំនៅឋាន រោងចក្រ និងសហគ្រាសនានា។ បើតាមការើលើឡើងរបស់ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ ផ្លូវនេះ ដែលបាននឹងកំពុងសាងសង់ នឹងមានវឌ្ឍនភាពទៅមុខនេះ គឺជាការចូលរួមអភិវឌ្ឍន៍យ៉ាងធំនៅក្នុងខេត្តកណ្តាល ម្យ៉ាងទៀតគម្រោងនេះ គឺជាការចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍យ៉ាងសំខាន់ផងដែរ។
លោកបន្តថា គម្រោងនេះ បាននឹងកំពុងលើកមុខលើកមាត់ និងជាសោភ័ណភាពរបស់ខេត្ត ព្រមទាំងទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ទៅលើលើគម្រោងវិស័យអចលនទ្រព្យ លំនៅឋាន និង រោងចក្រសហគ្រាសជាច្រើនផងដែរ។ លោក ថា អាចនិយាយបានថា វាប្រទាក់ក្រឡាគ្នារវាងខេត្ត ស្រុក និងស្រុកនៅក្នុងមូលដ្ឋានខេត្តកណ្តាល រួមជាមួយនឹងស្រុក និងខេត្តផ្សេងៗទៀត។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែង ៥៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ឆ្ពោះទៅផ្លូវជាតិលេខ៤, លេខ ៣, លេខ២ ផ្លូវជាតិលេខ២១ មុននឹងឆ្លងទន្លេបាសាក់ តភ្ជាប់ទៅផ្លូវជាតិលេខ១ នេះត្រូវបានសាងសង់ឡើងជា ៤ គន្លងដែលមានទទឹងផ្លូវ ២៥ម៉ែត្រ ចំណាយថវិកា ២៧៣លានដុល្លារ ជាហិរញ្ញប្បទានសម្បទានរបស់ចិន និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ ផ្លូវនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។
បន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏នៅមានផ្លូវក្រវ៉ាត់ក្រុងទី៤ ផងដែរ ដែលក្រសួងដឹកជញ្ជូនបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាតាំងពីឆ្នាំ២០១៨ ក្រុមហ៊ុនបានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ មានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន ១ស្រុក ខេត្តកណ្តាល ៨ស្រុក និងខេត្តព្រៃវែង ២ស្រុក។
តាមការរំពឹងទុក ផ្លូវក្រវាត់ក្រុងទី៤ នឹងងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនវៀតណាម ថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត។ ដូច្នេះ ផ្លូវក្រវាត់ក្រុង ជាគម្រោងថ្មីស្រឡាង រៀបនឹងប្រសូត្រឡើងនេះ នឹងកែប្រែតំបន់នៅជុំវិញនោះ ក៏ដូចជាលើកសម្រស់ហេដ្ឋារចនាសម្ព័ន្ធស្រុកខ្មែរ ជាពិសេសជួយសម្រួលដល់ប្រជាជនផ្ទាល់ឱ្យកាន់តែច្រើ៕
ដោយ៖ Moeun Dyna