ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០ កម្ពុជា បានជួបប្រទះនឹងគ្រោះធម្មជាតិចំនួនពីរដង គឺគ្រោះរាំងស្ងួតដើមរដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀងនៅចុងរដូវវស្សា ដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះដំណាំកសិកម្មប្រមាណ ៥៦០ ០០០ហិកតា។ បើតាមរបាយការណ៍របស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម បញ្ជាក់ ជាពិសេសដំណាំស្រូវបានប៉ះពាល់សរុបចំនួន ៤៤៩ ៧៩៧ហិកតា ដែលក្នុងនោះខូចខាតទាំងស្រុងចំនួន ១៥៤ ៣២៨ហិកតា ស្ថិតនៅក្នុង ១៩ខេត្ត។
របាយការណ៍បានបន្តថា ដើម្បីចូលរួមរំលែកទុក្ខលំបាករបស់ប្រជាកសិករ និងក្នុងគោលបំណងជំរុញផលិតកម្មស្បៀង បន្ទាប់ពីទទួលរងគ្រោះទឹកជំនន់ សម្តេច នាយករដ្ឋមន្រ្តី បានដាក់ចេញបទបញ្ជារឱ្យបញ្ចេញគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវជាបន្ទាន់ បន្តបន្ទាប់អស់គ្រាប់ពូជស្រូវចំនួន ៦ ៥៧៦តោន ក្នុងការអន្តរាគមន៍ចែកជូនដល់គ្រួសារកសិករចំនួន ៦៩ ៨១៦គ្រួសារ សម្រាប់ស្តារដំណាំស្រូវឡើងវិញលើផ្ទៃដីប្រមាណ ៦៥ ៧៦០ហិកតា។
ដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដីគ្រប់លំដាប់ថ្នាក់ បានធ្វើអន្តរាគមន៍ផ្តល់គ្រាប់ពូជស្រូវជូនកសិកស្តារលើការដាំដុះឡើងវិញបានទាន់ពេលវេលា ហើយបានប្រព្រឹត្តទៅដោយរលូន។ បើតាមការបន្តនៅក្នុងរបាយការណ៍ដដែល បន្ថែមឱ្យដឹងថា តាមការគណនាការចំណាយសម្រាប់ទិញគ្រាប់ពូជស្រូវ និងការដឹកជញ្ជូនគ្រាប់ពូជសម្រាប់ចែកកសិករ អស់ថវិកាប្រមាណ ៤,៥៣លានដុល្លារ។
បើតាមរបាយការណ៍ខាងលើ បានបន្ថែមទៀតថា ក្នុងការឆ្លើយតបទៅនឹងអនុសាសន៍ របស់ សម្តេច នាយករដ្ឋមន្រ្តី ការស្តារការខូចខាតដំណាំស្រូវឡើងវិញក្រោយទឹកជំនន់ បានចាប់ផ្តើមពីដើមខែវិច្ឆិកា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២០។ លទ្ធផលនៃការស្តារឡើងវិញមកដល់ពេលនេះគឺបានប្រមូលផលបណ្តើរៗ និងអាចបញ្ចប់នៅដើមខែមេសា ឆ្នាំ២០២១ នេះ។
របាយការណ៍ របស់ លោក វេង សាខុន បានលើកឡើងថា តាមរយៈការចុះពិនិត្យ និងវាយតម្លៃកន្លងមកបានបញ្ជាក់ឱ្យដឹងថា ស្ថានភាពលូតលាស់របស់ដំណាំស្រូវដែលបានស្តារឡើងវិញស្ទើរតែទាំងអស់មានការលូតលាស់បានល្អប្រសើរ ហើយនៅតំបន់មួយចំនួន ក៏បានការប្រមូលផលស្រូវជាបណ្តើរហើយដែរ។ លោក ថា រីឯទិន្នផលស្រូវសើមដែលទទួលបានពី ៣ ទៅ ៦,៥តោន ក្នុង១ហិកតា (មធ្យម ៤,៥តោន ក្នុង១ហិកតា) អាស្រ័យលើស្ថានភាពដី និងលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព។
លោក រដ្ឋមន្រ្តីបានបញ្ជាក់នៅក្នុងរបាយការណ៍ដដែលថា ចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះកសិករសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១ ១០០រៀល ក្នុង១គីឡូក្រាម។ តាមការគណនាប្រាក់ចំណូលសរុបដែលទទួលបានពីការលក់ស្រូវរបស់ប្រជាកសិករ ដែលមកទទួលគ្រាប់ពូជស្រូវអន្តរាគមន៍ពី សម្តេច នាយករដ្ឋមន្ត្រី គឺអាចមានចំនួនជាង ៧៨លានដុល្លារ៕
ដោយ៖ Moeun Dyna