ភ្នំពេញ៖ ការចាក់ក្រាលស្រទាប់ក្រោមកៅស៊ូក្រាលថ្នល់ asphalt (ATB-25)ផ្នែកសាកល្បងនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រូវបានបញ្ចប់ជាស្ថាពរហើយ។ បើតាម ទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូហើយ។
ទំព័រហ្វេសប៊ុកខាងលើបានបន្តថា ការបញ្ចប់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានឈានមួយជំហានទៀតហើយ។ ដូច្នេះ ក្នុងពេលឆាប់ៗនេះ វិស្វករនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូជារួម ដែលសឱ្យឃើញពីសមិទ្ធិផលមួយជំហានទៀត។
វិបត្តិជំងឺកូវីដ-១៩ មិនបានប៉ះពាល់ដំណើរការសាងសង់គម្រោងទេ ហើយគិតត្រឹមចុងឆ្នាំ២០២០ ការដ្ឋានសម្រេចបានប្រមាណ ៣៩.៩៨ភាគរយ។ បើតាមការបន្ថែមរបស់ របស់ប្រភពខាងលើ ថា គិតត្រឹមចុងឆ្នាំ២០២០ គម្រោងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ បានសម្រេចលទ្ធផល ៣៩,៩៨ភាគរយ ក្រោយបើកការដ្ឋានកាលពីខែមីនា ឆ្នាំ២០១៩។
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ដោយតភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពោលគឺឆ្លងកាត់រាជធានីភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្តកណ្តាល (ប្រវែង ៩,១០គ.ម) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្តកោះកុង (ប្រវែង ១,៩២គ.ម) និងខេត្តព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។
ផ្លូវនេះត្រូវសាងសង់ជា ៤គន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា ផ្លូវនេះ មានល្បឿនរហូតដល់ ១០០គីឡូម៉ែត្រ/ម៉ោងនឹងភ្ជាប់រាជធានីភ្នំពេញនិងក្រុងព្រះសីហនុក្នុងរយៈពេល ២ម៉ោងដែលនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលយោងតាមស្ថិតិដែលសិក្សាពាក់ព័ន្ធដោយប្រទេសចិន តម្លៃវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនមួយដុល្លារអាចផ្តល់ផលយោជន៍ដល់សង្គមវិញក្នុងតម្លៃប្រមាណ ៣ដុល្លារ។
នេះគឺជាគុណសម្បត្តិ៦យ៉ាង របស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ៖ ១.ល្បឿនបើកបរលឿន សមត្ថភាពដឹកជញ្ជូនខ្លាំង ២.ផ្លូវសម្រាប់យានយន្តផ្សេងៗ មានការត្រួតពិនិត្យ មានសុវត្ថិភាព ៣.លើកកម្ពស់សេដ្ឋកិច្ចការងារ ៤. ជំរុញការវិនិយោគ ស្របពេលជំរុញកំណើននៃសេដ្ឋកិច្ច ៥. ជំរុញសេដ្ឋកិច្ចនិងឧស្សាហកម្ម កាត់បន្ថយថ្លៃដឹកជញ្ជូន ៦.ពន្លឿនទំនើបកម្ម។
ម្រោងនេះវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើប្រាស់ថវិកាវិនិយោគប្រមាណជិត ២ពាន់លានដុល្លារ និងប្រើប្រាស់ថវិកាបដិភាគ ដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ ដែលត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕
ដោយ៖ Moeun Dyna