កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ បានទាក់ទាញគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង តម្លៃជាង ២០០លានដុល្លារ ស្របពេលក្រុមហ៊ុនវិនិយោគថ្មីៗជាច្រើនគ្រោងនឹងមកបោះទុនបន្ថែមទៀតក្នុងខេត្តមួយនេះនាពេលខាងមុខ។ បើតាមការថ្លែង របស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជក់ «គម្រោងវិនិយោគធំៗនេះ ធ្វើឱ្យចលនាវិស័យអចលនព្រព្យបានងើបឡើងវិញ បើទោះក្នុងវិបត្តិជំងឺកូវីដ-១៩»។
លោក អភិបាលខេត្ត បានឱ្យដឹងថា របាយការណ៍ស្តីពីវឌ្ឍនភាពខេត្តកំពង់ស្ពឺ គម្រោងវិនិយោគចំនួន ១៨៨គម្រោងត្រូវបានអនុម័ត កាលពីឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡាសំណង់សរុប ទំហំ ៧០ម៉ឺនម៉ែត្រការ៉េ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុប ២១០លានដុល្លារ។
ក្នុងចំណោមក្រោមហ៊ុនទាំងអស់ មានក្រុមហ៊ុនវិនិយោគធំៗ មានចំនួន៥ ក្នុងនោះ មានក្រុមហ៊ុន Great Field (Cambodia) International Limited ចំនួន ៩ពាន់ហិកតា, ក្រុមហ៊ុន Yellow Field (Cambodia) International Limited ចំនួន៨ពាន់៥រយហិកតា, ក្រុមហ៊ុន HLH Agriculture (Cambodia) Co Ltd ចំនួន ៩ពាន់៩រយហិកតា, ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ មានផ្ទៃដីចំនួន ៤ពាន់៧យ ហិកតា និងក្រុមហ៊ុន ៩៩ អភិវឌ្ឍន៍ កសិកម្ម ខូ អិលធីឌី មានផ្ទៃដី ចំនួន ១ពាន់៤រយហិកតា។ បើតាមការបន្តរបស់ លោក វ៉ី សំណាង។
ចំណែកក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់ធម្មជាតិមានចំនួន ៨ក្រុមហ៊ុន ដែលមានផ្ទៃដីសរុបជាង ៧០ហិកតា។ បើតមាការបន្តទៀតរបស់ លោក អភិបាលខេត្ត បានឱ្យដឹងទៀតថា គម្រោងវិនិយោគចំនួន ២៩ ចេញដោយក្រសួង ២៩គម្រោងចេញដោយរដ្ឋបាលខេត្ត និងចេញដោយរដ្ឋបាលក្រុង ស្រុក ១២៥គម្រោង។
«មានក្រុមហ៊ុនវិនិយោគនៅហុងកុង គ្រោងនឹងបង្កើតទីក្រុងរណប នៅខេត្តកំពង់ស្ពឺ» ។ បើតាមការបញ្ជាក់ឱ្យដឹងពី លោក វ៉ី សំណាង ថា ចំពោះទីតាំងពិតប្រាកដនោះសុំមិនបញ្ចេញ ដើម្បីការពារតម្លៃដីឡើងថ្លៃហួសកំណត់។ យើងខិតខំទាញអ្នកវិនិយោគ ដាក់នៅគងពិសី ដាក់នៅបរសេដ្ឋ ជាពិសេសដាក់នៅតាមផ្លូវជាតិលេខ៤៤។ ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ មិនមានអ្នកប្រកាសថាចុះចាញ់មិនបង្កើតរោងចក្រនៅកំពង់ស្ពឺដែរ ដោយសារគេជឿជាក់លើរដ្ឋាភិបាល។ បើតមាការការអះអាងរបស់ លោក អភិបាលខេត្តដដែល។
បើតាម ការលើកឡើងរបស់ លោក វ៉ី សំណាង ថា ដោយសារតែវិនិយោគិនជឿជាក់លើរដ្ឋាភិបាលបែបនេះហើយ មានគម្រោងចូលមកជាច្រើនក្នុងខេត្ត ក្នុងនោះមានគម្រោងសាងសង់រោងចក្រផ្សេងច្រើន។ ខេត្ត មានរោងចក្រជាង ២០០រោងចក្រ និងមានកម្មករកម្មការិនីជាង ១២ម៉ីននាក់កំពុងធ្វើការងារ ដែលទាំងអស់នេះសុទ្ធតែជាការជួយជំរុញសេដ្ឋកិច្ច។ លោក ថា រដ្ឋបាលខេត្តកំពុងទាក់ទាញក្រុមហ៊ុនវិនិយោគ ទាំងក្នុងស្រុក និងក្រៅប្រទេសមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត ដើម្បីបង្កើតការងារធ្វើ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ខេត្តកំពង់ស្ពឺ គឺនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិ ៣ខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១ ដែលជាផ្លូវមានគម្រោងអភិវឌ្ឍន៍ និងតំបន់សេដ្ឋកិច្ចពិសេស។ បើតាការបន្ថែមរបស់ លោក អភិបាលខេត្ត ថា ក្នុងនោះផ្លូវ៥១ ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដែលមានផ្ទៃដី ៥០០ហិកតា ផ្លូវលេខ៤១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសិង្ហបុរី និងផ្លូវលេខ៤៤ មានក្រុមហ៊ុនជាច្រើនកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ កត្តាទាំងនេះហើយដែលធ្វើឱ្យខេត្តកំពង់ស្ពឺ កំពុងមានភាពទាក់ទាញលើវិស័យអចលនទ្រព្យផងដែរ។
លោក បានបញ្ជាក់ទៀតថា «គម្រោងដែលចូលមកខេត្តនេះ នឹងជួយឱ្យចលនាវិស័យអចលនទ្រព្យងើ់បឡើងវិញ បង្កើននូវសម្ទុះសេដ្ឋកិច្ច បន្ថែមសក្ដានុពលរបស់។ ម្យ៉ាងទៀត ពលរដ្ឋនឹងមានជីវភាពល្អប្រសើរជាមុនមួយកម្រិតទៀត ដែលធ្វើឱ្យពួកគាត់ឈប់ចំណាកស្រុកបន្ត»។
អភិបាលខេត្តរូបនេះ បានប្ដេជ្ញាថា នឹងបន្តលើកកម្ពស់វិស័យធំៗ២ នៅខេត្តកំពង់ស្ពឺ គឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ខណៈវិស័យទាំងពីរបាននឹងកំពុងដើរតួរជាស្នូលដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់។ លោក ដា ខេត្តកំពង់ស្ពឺមានលក្ខណៈពិសេស ព្រោះខេត្តនេះសម្បូរភូមិជនជាតិចម្រុះរស់នៅ និងមានតំបន់ធម្មជាតិច្រើន។ ជាមួយគ្នានេះ ខេត្តកំពង់ស្ពឺក៏មានរមណីយដ្ឋានបែបប្រវត្តិសាស្រ្តជាច្រើនកន្លែងផងដែរ៕
ដោយ៖ Moeun Dyna