ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២,២៣៥,៣៦៤ដុល្លារ ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ បើតាមការជូនដំណឺងរបស់ស្ថានទូតជប៉ុនថ្ងៃទី១ ខែមិនា នេះ។
ស្ថានទូតបានបន្តឱ្យដឹងថា ថិកាជាង ២លានដុល្លារ ក្នុងនោះ ១,៧៦៣,២៥១ដុល្លារ ត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្តគម្រោងគាំទ្រ «ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសម្អាតមីន» នៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB ឆ្នាំទី១។ និងគម្រោងគាំទ្រ «ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោម» នៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS ឆ្នាំទី១។
ស្ថានទូតបានបន្តទៀតថា ថវិកា ៤៧២,១១៣ដុល្លារទៀត ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោង «ការកសាងសមត្ថភាពយុវជន» ក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ ឆ្នាំទី២។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។
រដ្ឋាភិបាលជប៉ុន ជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ៕
ដោយ៖ Moeun Dyna