Register Already an agent ? Login

មន្រ្តីសុរិយោដីកំពង់ឆ្នាំង បានផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីឱ្យប្រជាពលរដ្ឋជាង ២ពាន់ក្បាលដី ដែលមានក្នុងទិន្នន័យ ២២៣៩ក្បាលដី

កំពង់ឆ្នាំង៖ ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅភូមិទួលសំរោង មន្រ្តីជំនាញបានចុះអនុវត្តទៅតាមនីតិវិធី និងដំណាក់កាលនីមួយៗ ដោយបានកំណត់ព្រំប្រទល់ និងវាស់វែង ប្រមូលទិន្ន័យបាន ២២៣៩ក្បាលដី។ បើតាមការថ្លែងឱ្យដឹងពី លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី និងសុរិយោដីខេត្តកំពង់ឆ្នាំង បានបន្តថា គណកម្មការអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២១៦១ក្បាដី ជូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធីដីធ្លី។

នៅក្នុងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ នៅភូមិទួលសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស កាលពីថ្ងៃទី២៥​ ខែកុម្ភៈ ឆ្នាំ២០២១ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋនាពេលនេះ គឺបន្ទាប់ពីមន្រ្តីជំនាញបានចុះដំណើរការតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ហើយការប្រគល់បណ្ណកម្មសិទ្ធដីធ្លី គឺជានីតិវិធីចុងក្រោយក្នុងដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ។

លោក អភិបាលរងបានថ្លែងបញ្ជាក់ «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទួលបាននាពេលនេះ ពិតជាមានតម្លៃសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីក្នុងការយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ ក្នុងការបង្កើនសេដ្ឋកិច្ចជីវគ្រួសារ ដោយខិតខំការងារបង្កបង្កើនផល និងថែរក្សាកម្មសិទ្ធិរបស់យើងឱ្យបានគង់វង្ស កុំលក់ដូរត្រូវទុកសម្រាប់កូនចៅទៅថ្ងៃអនាគត»។

នាឱកាសនោះ លោក សាន់ យូ បានកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនិងមន្រ្តីជំនាញដែលខិតខំប្រឹងប្រែងអនុវត្តបានល្អប្រសើរនៅគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីតាមអនុសាសន៍របស់រាជរដ្ឋាភិបាល៕

ដោយ៖ Moeun Dyna