Register Already an agent ? Login

ដីសម្បទានសង្គមកិច្ច នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងឈូសឆាយបើកផ្លូវ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ខេត្តពោធិ៍សាត់៖ ដីសម្បទានសង្គមកិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) ដែលត្រូវប្រគល់ជូន អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចំនួន ៦២៨គ្រួសារ ត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងឈូសឆាយស្ថាបនាបើកផ្លូវចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះពិនិត្យ និងប្រជុំពិភាក្សា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដីខាងលើ ដែលមានការចូលរួមពីមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

«ការផ្តល់ជូនសម្បទានដីសង្គមកិច្ចខាងលើនេះ គឺជាការមើលឃើញពីពលីកម្មដ៏ធំធេង ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត ដែលបានខិតខំបំពេញបេសកកម្មការពារជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ»។ បើតាមការបញ្ជាក់ របស់ លោក ម៉ៅ ធនិន។

លោក បានបន្តថា ដោយឃើញពីការលំបាក របស់អតីតយុទ្ធជន និងគ្រួសារ សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ៥០ម៉ឺនដុល្លារ សម្រាប់សាងសង់ផ្ទះ ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់ ដែលទើបទទួលបានសម្បទានដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល ហើយការស្ថាបនាផ្ទះគម្រូ ក៏នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខផងដែរ។

លោក អភិបាលខេត្តពោធិ៍សាត់ បានថ្លែងរម្លឹកឱ្យដឹងថា ទីតាំងសម្បទានដីសង្គមកិច្ចខាងលើនេះ ត្រូវបានចាប់ឆ្នោតប្រគល់ជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ក្នុងខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ រួចរាល់ហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅ ដោយក្នុងមួយគ្រួសារ ទទួលបានដី (លំនៅដ្ឋាន និងដីកសិកម្ម) ទំហំ៧០គុណនឹង ១៥០ម៉ែត្រ៕

ដោយ៖ Moeun Dyna