Register Already an agent ? Login

អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យធ្វើស្ពានប្រអប់ ២កន្លែង និងផ្លូវលំ ១ខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត

ឧត្តរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ស្ពានប្រអប់ចំនួន ២កន្លែង និងផ្លូវលំ ១ខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រ ផ្ទះប៉ុលពត ស្ថិតនៅចំណុចក្បាលទន្សោង ក្នុងស្រុកអន្លង់វែង ជាប់ព្រំដែនកម្ពុជា-ថៃ។

នាពេលចុះពិនិត្យការដ្ឋានខាងលើ លោក ប៉ែន កុសល្យ បានថ្លែងថា ស្ពានប្រអប់ចំនួន ២កន្លែង និងផ្លូវលំ ១ខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត ដែលកំពុងសាងសង់នេះ ជាអំណោយរបស់ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

លោក អភិបាលខេត្ត បានថ្លែងបញ្ជាក់ ចំពោះផ្ទះតាម៉ុក ដែលមានទីតាំងនៅលើភ្នំដងរែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន យើងកំពុងរៀបចំកែសម្រួលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យតំបន់ប្រវត្តិសាស្ត្រមួយនេះ ក្លាយជាតំបន់រម្មណីយដ្ឋានទេសចរប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណងចង់មកលេងនកម្សាន្តឱ្យមានភាពងាយស្រួល។

នាឱកាសនោះ លោក អភិបាលខេត្តឧត្តរមានជ័យ បានផ្តាំផ្ញើ និងណែនាំបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យមើលសកម្មភាពនានាតាមព្រំដែន ពិសេសគឺត្រួតពិនិត្យមើលការឆ្លងដែនដាច់ខាតមិនឱ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ហើយចំពោះមេខ្យល់ដែលនាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ពេលដែលចាប់បានត្រូវផ្តន្ទាទោសទៅតាមច្បាប់ ដោយមិនអត់ឱនឱ្យជាដាច់ខាត៕

ដោយ៖ Moeun Dyna