កំពង់ចាម៖ ក្រុមហ៊ុនផារ័ត្នរតនៈ ទទួលបានសិទ្ធិ វិនិយោគក្នុងគម្រោងវារីវប្បកម្មទំនប់ចកបឹងធំ នៅលើផ្ទៃដីទំហំ ៧ហិចតា ស្ថិតនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ កាលពីថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២១។
នាពេលចុះពិនិត្យគម្រោងខាងលើ លោក អភិបាលខេត្ត បានថ្លែងបញ្ជាក់ថា «ដោយមើលឃើញពីសក្តានុពល នៅក្នុងតំបន់ រដ្ឋបាលខេត្តបានផ្ដល់សិទ្ធិដល់ក្រុមហ៊ុនដើម្បីធ្វើការវិនិយោគលើផ្នែកវារីវប្បកម្ម»។ លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា តាមរយៈការអនុវត្តគម្រោងវារីវប្បកម្មនៅទំនប់ចកបឹងធំ នឹងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករក្នុងតំបន់ឱ្យកាន់តែប្រសើរមួយកម្រិតបន្ថែមទៀត បច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើននៅតំបន់នេះ មានមុខរបរជាចម្បងការនេសាទ។
ការធ្វើវារីវប្បកម្ម នឹងបង្កើតជាទីផ្សារសម្រាប់ប្រជាកសិករ រួមជាមួយការប្រមូលទិញ ផលិតផលដែលប្រជាពលរដ្ឋសម្រេចបានក្នុងតម្លៃទីផ្សារ ជាកត្តាចម្បង រួមចំណែកកាត់បន្ថយបទល្មើសនេសាទ ដោយផ្លាស់ប្ដូរពីការនេសាទខុសច្បាប់នារដូវត្រីពង និងការបំពុលបរិស្ថាននៅតំបន់បឹងធំ មកធ្វើវារីវប្បកម្មបែបទំនើប។ បើតាមការថ្លែងបន្តទៀត របស់ លោក អភិបាលខេត្ត ដែលបានមើលឃើញកន្លងមក បញ្ជក់ទៀតថា «មួយផ្នែកទៀត គម្រោងនឹងប្រែក្លាយជាតំបន់នេះ ជាទីកន្លែងទេសចរណ៍មានសក្តានុពលថ្មីមួយទៀតរបស់ខេត្ត»។
នាឱកាសដែល លោក អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីចុះពិត្យ លោកឧកញ៉ា ពាង ផារ័ត្ន ម្ចាស់វិនិយោគ បានគូសបញ្ជាក់ថា ក្រុមហ៊ុនមានយុទ្ធសាស្ត្រចំនួន៥ ក្នុងការអនុវត្តគម្រោងនេះ៖
ឆ្នាំទី១ ទិញកូនត្រីពូជសម្រាប់ចិញ្ចឹមត្រីលក់សាច់ក្នុងដំណាក់កាលទី១ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, ឆ្នាំទី២ បន្តការទិញចូល និងផលិតកូនត្រីពូជតែខ្លួនឯងបន្ថែម ដើម្បីពង្រឹងពង្រីកការចិញ្ចឹមត្រីលក់សាច់ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ឆ្នាំទី៣ បង្កើតមន្ទីរពិសោធន៍និងព្យាបាលជំងឺត្រី ដើម្បីជួយគាំទ្រការធ្វើវារីវប្បកម្មរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្ទាល់កាត់បន្ថយការចំណាយពេលវេលាក្នុងការព្យាបាលត្រីជំងឺរបស់ត្រី។
ឆ្នាំទី៤និងទី៥ ចែកចាយកូនត្រីពូជដល់ប្រជាពលរដ្ឋ និងសន្យាប្រមូលទិញត្រឡប់មកវិញនូវត្រីលក់សាច់ព្រមទាំងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងប្រឹក្សាយោបល់ដល់ប្រជាកសិករដែលមានផលប៉ះពាល់, បង្កើនសមត្ថភាព និងគុណភាពផលិត ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងក្រៅស្រុក។
បើតាមការបញ្ជាក់របស់ម្ចាស់ឱ្យដឹងបន្តថា គម្រោងវារីវប្បកម្មទំនប់ចកបឹងធំស្ថិតក្នុងសហគមន៍នេសាទសាមគ្គីឃុំមៀន និងជាតំបន់ដីសើម មានផ្ទៃក្រឡាតំបន់អភិវឌ្ឍន៍មានទំហំ ៧៣,២៤៦ម៉ែត្រការ៉េ និងចែកចេញជា ៤ដំណាក់កាល ក្នុងនោះ៖
-ដំណាក់កាលទី១ មានរយៈពេល ៦ខែ នារដូវប្រាំងឆ្នាំ២០២១ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យការផលិតកូនពូជត្រី។ -ដំណាក់កាលទី២ មានរយៈពេល ១ឆ្នាំ ២០២១-២០២២ ក្នុងតំបន់ទី១ នៃគម្រោងវារីវប្បកម្ម ដោយការរៀបចំបែចិញ្ចឹមត្រីលក់សាច់ចំនួន ៦២៤បែរ។ -ដំណាក់កាលទី៣ តំបន់ទី២ នៃគម្រោង ដោយសាងសង់មជ្ឈមណ្ឌលពិសោធន៍ អគាររដ្ឋបាល រោងចក្រផលិតចំណីត្រី សម្រាប់ផ្គត់ផ្គង់ការចិញ្ចឹមក្នុងគម្រោងវារីវប្បកម្ម និងលក់ជូនកសិករក្នុងតំបន់ និងអគារពិសោធន៍វារីវប្បកម្ម។ -ដំណាក់កាលទី៤ តំបន់ទី៣ ផ្នែកទេសចរណ៍ ផែនការរយៈពេល ២ឆ្នាំ ២០២៣-២០២៥ សាងសង់អាគារសាលពិព័រណ៌ជីវៈមច្ឆា និងសាងសង់សួនផ្កាបែបតំបន់ត្រូពិក ដើម្បីប្រែក្លាយតំបន់នេះជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ៕
ដោយ៖ Moeun Dyna